អន្តរជាតិ
លោក Sunak នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសដែលក្មេងជាងគេបំផុតចាប់តាំងពីឆ្នាំ ១៨១២
24, Oct 2022 , 10:28 pm        
រូបភាព
លោក Rishi Sunak ប្រធានបក្សអភិរក្សនិយមថ្មីរបស់អង់គ្លេស។ រូបភាព៖ AFP
លោក Rishi Sunak ប្រធានបក្សអភិរក្សនិយមថ្មីរបស់អង់គ្លេស។ រូបភាព៖ AFP
លោក Rishi Sunak អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស នៅថ្ងៃទី២៤ ខែតុលា បានក្លាយជាប្រធានបក្សអភិរក្សនិយមថ្មីរបស់អង់គ្លេស បន្ទាប់ពីលោកស្រី  Penny Mordaunt ដែលជាគូប្រជែង បានបោះបង់ មុនពេលការជ្រើសតាំងបេក្ខភាពចូលរួមប្រជែងតំណែងប្រធានបក្សបិទបញ្ចប់។ ទាក់ទិននឹងបញ្ហានេះ លោក Sunak នឹងក្លាយជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស បើគិតចាប់តាំងពីឆ្នាំ ១៨១២ មក។
 
ក្រោយការលាចុះពីតំណែងជាប្រធានបក្សរបស់លោកស្រី Liz Truss នាយករដ្ឋមន្រ្តីអង់គ្លេស បក្សអភិរក្សនិយម បានចាប់ផ្តើមបើកទទួលការជ្រើសតាំងបេក្ខភាពចូលរួមប្រជែងតំណែងប្រធានបក្ស ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសនៅពេលបន្ទាប់។ យ៉ាងណាមិញ ក្នុងការប្រកួតប្រជែងលើកនេះ មិនមែនសមាជិកបក្សអភិរក្សនិយមចូលរួមច្រើនឡើយ។ 
 
បន្ទាប់ពីលោក បូរីស ចនសុន អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសមិនចូលរួម វាមានតែបុគ្គលតែពីររូបប៉ុណ្ណោះ ដែលប្រកាសចូលរួមការប្រជែងតំណែងប្រធានបក្សគឺ លោក Rishi Sunak អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងអតីតរដ្ឋមន្រ្តីការពារជាតិ លោកស្រី Penny Mordaunt។ យ៉ាងណាមិញ លោកស្រី Penny Morndaunt ក៏បានប្រកាសបោះបង់ការប្រកួតនៅក្នុងបក្សដែរ មុនពេលការជ្រើសតាំងបិទបញ្ចប់។ 
 
ដោយសល់តែបេក្ខភាពមួយរូប លោក Sunak បានក្លាយជាប្រធានបក្សអភិរក្សនិយម បន្ទាប់ពីលោកស្រី Truss។ ពិធីប្រគល់តំណែងនាយករដ្ឋមន្រ្តី នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ក្រោយលោកស្រី Truss កាន់បាន ៤៩ថ្ងៃ ឬ៧សប្តាហ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ 
 
លោកSunnak នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តអង់គ្លេស បើគិតចាប់ពីឆ្នាំ១៨១២ ដោយបច្ចុប្បន្នបុរសរូបនេះ មានវ័យ ៤២ឆ្នាំ។ មិនតែប៉ុណ្ណោះ លោកជាជនជាតិអង់គ្លេសដើមកំណើតអាស៊ីដំបូង ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសទី៥៧៕ 
 
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com