អន្តរជាតិ
រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន​លាលែង​ពី​តំណែងក្រោយ​មានរឿងអាស្រូវទាក់ទងនឹង​អង្គការសាសនា Unification Church
25, Oct 2022 , 10:59 am        
រូបភាព
រដ្ឋមន្រ្តីទទួលបន្ទុកស្ដារសេដ្ឋកិច្ចជប៉ុន Daishiro Yamagiwa ។ រូបថត AFP
រដ្ឋមន្រ្តីទទួលបន្ទុកស្ដារសេដ្ឋកិច្ចជប៉ុន Daishiro Yamagiwa ។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 

រដ្ឋមន្ត្រីទទួលបន្ទុកស្តារសេដ្ឋកិច្ចជប៉ុន លោក Daishiro Yamagiwa នៅថ្ងៃទី២៤​ ខែតុលាបានលាលែងពីតំណែង។ ​ លោក Yamagiwa ក្លាយជារដ្ឋមន្ត្រីដំបូងដែលចុះចេញពីតំណែងក្នុងរដ្ឋបាលលោក គីស៊ីដា ហ្វូមីអូ  ដោយសារការរិះគន់កាន់តែខ្លាំងឡើងចំពោះទំនាក់ទំនងរបស់លោកជាមួយនឹងអង្គការសាសនា Unification Church។
 
អង្គការសាសនា Unification Church ជាអង្គការមួយដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មអតីតនាយករដ្ឋមន្រ្តី អាបេ ស៊ិនហ្សូ ដែលរឿងនេះធ្វើឱ្យប្រជាជនជប៉ុនមានប្រតិកម្មមិនពេញចិត្ត ជាពិសេសលើមន្តី្រដែលមានទំនាក់ទំនងជាមួយអង្គការនេះ និងប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាប្រិយភាពរដ្ឋបាលលោក គីស៊ីដា ហ្វូមីអូ។
 
ក្រោយក្នុងចំណោមសមាជិកសភាបក្សកាន់អំណាចជប៉ុន៣៧៩នាក់ សមាជិកបក្សចំនួន១៧៩ហើយ ត្រូវរកឃើញមានទំនាក់ទំនងជាមួយអង្គការសាសនា Unification Church ។ នាយករដ្ឋមន្ត្រីជប៉ុន កាលពីសប្តាហ៍មុនបញ្ជាឱ្យមន្ត្រីបើកការស៊ើបអង្កេតលើអង្កការសាសនានេះ។
 
ទាក់ទិននឹងរឿងនេះ រដ្ឋមន្ត្រីទទួលបន្ទុកស្តារសេដ្ឋកិច្ចជប៉ុន លោក Yamagiwa ត្រូវបានគណបក្សប្រឆាំងទាមទារឱ្យលោកចុះចេញពីតំណែង ក្រោយលោកបានសារភាពនៅដើមខែនេះថា នៅឆ្នាំ២០១៩ លោកបានជួបជាមួយលោកស្រី Hak Ja Han Moon ដែលជាប្រពន្ធរបស់ស្ថាបនិកអង្កការសាសនា Unification Church ក្នុងឆ្នាំ២០១៨ ។ លោកក៏បានចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមមនុស្ស ដែលជាប់ពាក់ព័ន្ធជាមួយនឹងអង្គការមួយនេះផងដែរ នៅនីហ្សេរីយ៉ាកាលពី១១ឆ្នាំមុន។ 
 
លោក Yamagiwa នៅថ្ងៃទី២៤ ខែតុលា ប្រាប់អ្នកសារព័ត៌មានថា លោកបានលាលែងពីតំណែង ហើយវាគឺជាការសម្រេចចិត្តនាទីចុងក្រោយក្នុងការធ្វើបែបនេះ ដោយសារតែលោកមិនចង់បង្កការរំខានក្នុងអំឡុងពេលសម័យប្រជុំសភាបច្ចុប្បន្ន និងបង្វែរការយកចិត្តទុកដាក់ក្នុងការបង្កើតគោលនយោបាយសេដ្ឋកិច្ចក្នុងប្រទេស។ ការប្រកាសនេះធ្វើឡើងក្រោយពីប្រជុំជាមួយលោក គីស៊ីដា។ នេះបើតាមកាសែត Nikkei Asia។ 
 
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា និយាយថាលោកនឹងតែងតាំងមន្ត្រីថ្មីឱ្យជំនួសតំណែងលោក Yamagiwa នៅថ្ងៃទី២៥ ខែតុលា។ 
 
«ខ្ញុំទទួលយកការលាលែងពីតំណែងរបស់លោក Yamagiwa ពីព្រោះក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវផ្តល់អាទិភាពលើបញ្ហាដូចជាវិធានការសេដ្ឋកិច្ច និងថវិកាជាតិបន្ថែម ដែលកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចងក្រង ហើយនឹងត្រូវប្រកាសនៅចុងខែនេះ។»​ លោកនិយាយបែបនេះ។ 
 
លោក Yamagiwa ត្រូវបានតែងតាំងឱ្យកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២១។ ការលាលែងរបស់លោក Yamagiwa នឹងអាចជាកត្តាមួយទៀតដែលអាចជះឥទ្ធិពលអាក្រក់ទៅលើលោក គីស៊ីដា ដែលត្រូវមើលឃើញថា មានការរារែកច្រើន និងមិនអាចសម្រេចចិត្តភ្លាមៗ ទោះបានដឹងហើយថាមន្ត្រីរបស់ខ្លួនធ្លាប់ពាក់ព័ន្ធនឹងអង្កការសាសនា ដែលកំពុងស៊ើបអង្កេតក្ដី។ ប្រជាប្រិយភាពនៃបក្សកាន់អំណាចនឹងអាចធ្លាក់ចុះដល់កម្រិតទាបជាងពេលនេះទៅទៀត ខណៈស្ថានភាពបច្ចុប្បន្នស្ថិតក្នុងសភាពខ្សោយរួចទៅហើយ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com