កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa តែងតាំងលោក Unai Emery ជាអ្នកចាត់ការថ្មី ជំនួស Gerrard 25, Oct 2022 , 10:29 am

×![]()
លោក Unai Emery បានក្លាយជាអ្នកចាត់ការទូទៅថ្មីក្រុម Aston Villa ជំនួសលោក Steven Gerrard ដែលត្រូវបានបញ្ចប់តំណែងសប្តាហ៍មុន។
Emery អតីតគ្រូបង្វឹក Arsenal បានដឹកនាំក្រុមអេស្ប៉ាញ Villarreal រយៈពេល២ឆ្នាំ មុនផ្លាស់ទៅ Aston Villa នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ក្លិបនៃលីគកំពូលអង់គ្លេសមួយនេះក៏ត្រូវបង់ជិត ៥,៨៩លានដុល្លារទៅឱ្យក្លិប Villarreal ព្រោះលោក Emery នៅសល់កិច្ចសន្យាជាមួយ Villarreal ខណៈ Aston Villa ត្រូវទិញផ្តាច់កិច្ចសន្យានេះ។
ចូលកាន់តំណែងជាអ្នកចាត់ការថ្មីមែន ប៉ុន្តែគ្រូសញ្ជាតិអេស្ប៉ាញរូបនេះនៅមិនទាន់ចូលដឹកនាំក្រុមនៅសប្តាហ៍នេះឡើយ ដោយលោក Aaron Danks ដែលជំនួសតំណែង Gerrard បណ្តោះអាសន្ន ត្រូវបន្តភារកិច្ចដឹកនាំ Aston Villa ទៅជួប Newcastle United ចុងសប្តាហ៍នេះ។
Gerrard អ្នកចាត់ការសញ្ជាតិអង់គ្លេស ត្រូវបានបញ្ចប់តំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីដឹកនាំ Aston Villa ចាញ់ Fulham ក្នុងក្របខណ្ឌ Premier League ៣-០។ ក្រោមការដឹកនាំរបស់គ្របណ្តោះអាសន្ន Danks ក្រុម Aston Villa បានយកឈ្នះ Brentford ដល់ទៅ ៤-០។
Emery ដែលជាអតីតអ្នកចាត់ការ Paris Saint-Germain ផង បានបង្ហាញក្តីរីករាយ ដែលអាចត្រឡប់ទៅកាន់តំណែងក្រុមក្នុងលីគកំពូលអង់គ្លេសសារជាថ្មី។ ក្នុងប្រវត្តិដឹកនាំក្រុមទាំងអស់ជាង៩០០ប្រកួត លោក Emery មានបទពិសោធន៍ដឹកនាំ Arsenal ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League ទោះបានត្រឹមរងជើងឯក។
Sevilla ជាក្រុមដែលលោក Emery ដឹកនាំទទួលបានជោគជ័យជាងគេ ដោយជួយក្រុមអេស្ប៉ាញមួយនេះ ឈ្នះជើងឯក Europa League ៣រដូវកាលជាប់ៗគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com