អន្តរជាតិ
នាយករដ្ឋមន្រ្តីឥណ្ឌា៖ លោក Sunak ជាស្ពានពង្រឹងទំនាក់ទំនងឥណ្ឌា និងអង់គ្លេស
25, Oct 2022 , 11:59 am        
រូបភាព
លោក Rishi Sunak ឈ្នះការបោះឆ្នោតប្រធានបក្សកាន់អំណាចអង់គ្លេស ហើយត្រៀមធ្វើជានាយករដ្ឋមន្រ្តី។ រូបថត AFP
លោក Rishi Sunak ឈ្នះការបោះឆ្នោតប្រធានបក្សកាន់អំណាចអង់គ្លេស ហើយត្រៀមធ្វើជានាយករដ្ឋមន្រ្តី។ រូបថត AFP
នាយករដ្ឋមន្រ្តីឥណ្ឌា និរិន្រ្ទា ម៉ូឌី អបអរសាទរលោក Rishi Sunak ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស។ ជាប្រទេសធ្លាប់ក្រោមអាណានិគមអង់គ្លេស មេដឹកនាំឥណ្ឌារូបនេះចាត់ទុកលោក Sunak ជាបុគ្គលពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។
 
មានសែស្រឡាយមកពីឥណ្ឌា លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសទី៥៧ជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ក្រោយប្រជែងឈ្នះកៅអីប្រធានបក្សអភិរក្សនិយមថ្មី។ បើគិតតាំងពីឆ្នាំ១៨១២ លោក Sunak ជានាយករដ្ឋមន្រ្តីអង់គ្លេសក្មេងជាងគេបំផុតក្នុងវ័យ៤២ឆ្នាំ បន្ទាប់ពីលោកស្រី Liz Truss លាលែងពីតំណែងដែលកាន់បាន៧ សប្តាហ៍។
 
ជាអ្នកប្រតិបត្តិសាស​នាហិណ្ឌូដូចប្រជាជនឥណ្ឌាភាគច្រើនដែរ លោក Sunak ត្រូវបានពលរដ្ឋឥណ្ឌាសាទរជាខ្លាំង ចំពេលកំពុងប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ Diwali ថ្ងៃទី២៤ ខែតុលា។ ព័ត៌មានដែលថាលោករំពឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស លេចឡើងស្ទើគ្រប់ទំព័រមុខរបស់កាសែតឥណ្ឌា។ 
 
នាយករដ្ឋមន្រ្តីឥណ្ឌា និរិន្រ្ទា ម៉ូឌី ក៏បានអបអរសាទរលោក Sunak ដែរ។ បើតាមលោក ម៉ូឌី អនាគតនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះជាស្ពានពង្រឹងទំនាក់ទំនងរវាងប្រជាជនឥណ្ឌា និងអង់គ្លេស ខណៈប្រទេសទាំងពីរកំពុងផ្លាស់ប្តូរពីទំនាក់ទំនងបែបប្រវត្តិសាស្រ្តទៅជាដៃគូតាមបែបសម័យទំនើបវិញ។ 
 
«សូមអបអរសាទរយ៉ាងកក់ក្តៅបំផុតដល់លោក Rishi Sunak។ នៅពេលអ្នកក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស ខ្ញុំសង្ឃឹមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើបញ្ហាសកល ក៏ដូចជាអនុវត្តផែនការអនាគតឆ្នាំ២០៣០»។ នាយករដ្ឋមន្ត្រីឥណ្ឌាសរសេរសារបែបនេះលើបណ្តាញសង្គម Twitter ថ្ងៃទី២៤ ខែតុលា។ 
 
ផែនការអនាគតឆ្នាំ២០៣០រវាងឥណ្ឌា និងអង់គ្លេសត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនដោយផ្តោតលើ
កិច្ចសហការទ្វេភាគីផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម វិនិយោគដើម្បីលើកកម្ពស់ជីវភាពប្រជាជនប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ​ ព្រមទាំងបម្រែបម្រួលអាកាសធាតុ។
 
បន្ថែមពីលើនេះ ប្រជាជនឥណ្ឌាមួយចំនួនលើកឡើងថា ការណ៍ដែលអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក Sunak ក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសនៅឆ្នាំនេះនឹងកាន់តែពិសេស ពីព្រោះឥណ្ឌាទើបតែប្រារព្ធខួបឯករាជ្យ៧៥ ឆ្នាំពីអាណានិគមអង់គ្លេស។ 
អង់គ្លេសដាក់អាណានិគមលើឥណ្ឌាប្រហែល២០០ ឆ្នាំ មុនពេលរដ្ឋអាស៊ីខាងត្បូងមួយនេះទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៧ ដែលដឹកនាំដោយ Mahatma Gandhi។ គ្រួសាររបស់លោក Sunak ធ្វើចំណាកស្រុកទៅអង់គ្លេសនៅទសវត្សរ៍ឆ្នាំ១៩៦០៕
 

Tag:
 អង់គ្លេស
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com