ជាតិ
សង្គមជាតិ
មន្ទីរពេទ្យកុមារអង្គរបើកយុទ្ធនាការរៃអង្គាសថវិកាដើម្បីព្យាបាលជំងឺមហារីកកុមារ
25, Oct 2022 , 11:39 am        
រូបភាព
សន្និសីទប្រកាសបើកយុទ្ធនការ ជួយសង្រ្គោះជីវិតកុមារពីជំងឺមហារីក
សន្និសីទប្រកាសបើកយុទ្ធនការ ជួយសង្រ្គោះជីវិតកុមារពីជំងឺមហារីក
សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ បានប្រកាសពីយុទ្ធការ រកជំនួយជាលើកដំបូងដើម្បីជួយសង្រ្គោះជីវិតកុមារពីជំងឺមហារីក ខណៈដែលមន្ទីរពេទ្យកំពុងខ្វះថវិកាសម្រាប់ប្រតិបត្តិការព្យាបាលនៅក្នុងឆ្នាំនេះ។
 
ក្រៅពីសេវាឯកទេសថែទាំ និងព្យាបាលជំងឺជាច្រើន ក្នុងនោះផ្នែកជំងឺមហារីកកុមារ ក៏មានសកម្មភាពមមាញឹកដែរក្នុងមន្ទីរពេទ្យកុមារអង្គរ និងក្លាយជាគោលដៅតែមួយគត់សម្រាប់មាតាបិតាដែលមានកូនកើតជំងឺមហារីក។ ជាមន្ទីរពេទ្យដែលផ្ដល់សេវាព្យាបាលជំងឺមហារីកកុមារដំបូងគេ និងបានជួយសង្រ្គោះជីវិតកុមារជាច្រើនពីជំងឺមហារីក ដែលជាជំងឺដ៏កាចសាហាវ។ 


 ការព្យាបាលជំងឺមហារីកកុមារនៅមន្ទីរពេទ្យកុមារអង្គរ។ រូបភាពពីមន្ទីរពេទ្យកុមារអង្គរ
 
វេជ្ជបណ្ឌិត សំ លីវណ្ណៈ ឯកទេសជំងឺមហារីកកុមារ នៃមន្ទីរពេទ្យកុមារអង្គរបានលើកឡើងថា គេធ្លាប់បានឮតែជំងឺមហារីកកើតលើមនុស្សចាស់ តែក៏មានមហារីកលើកុមារដែរ។ លោកពន្យល់ថា មហារីកកុមារគឺកើតឡើងចាប់ពីពួកគេនៅតូចៗ ភាគច្រើននៅអាយុក្រោម៥ឆ្នាំ ដែលមានកោសិកាខុសប្រក្រតី ហើយក្លាយជាកោសិកាមហារីកតែម្ដង។ សម្រាប់កុមារដែលកើតច្រើនជាងគេ គឺមហារីកគ្រាប់ឈាម មហារីកកូនកណ្ដុរ និងមហារីកបាតភ្នែកជាដើម។
 
នៅកម្ពុជាចំនួនអ្នកកើតមហារីកមានការកើនឡើង។ តាមទិន្នន័យប្រទេសជិតខាងក្នុងតំបន់ ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ១៥,០០០ទៅ ១៨,០០០នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យអំពីជំងឺមហារីក ក្នុងនោះជាង ៥៥០នាក់ គឺជាកុមារ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សំ លីវណ្ណៈ។ លោកវេជ្ជបណ្ឌិតបន្ថែមថា មន្ទីរពេទ្យកុមារអង្គរបានបើកដំណើរការផ្នែកជំងឺមហារីកកុមារនៅឆ្នាំ២០១២ និងបើកអាគារដាច់ដោយឡែកផ្នែកជំងឺមហារីកនៅឆ្នាំ២០២១ ដោយពិនិត្យ ព្យាបាល និងថែទាំកុមារមហារីកចំនួន ៥០៩ករណី ក្នុងនោះ ៣ភាគ៤ បានជាសះស្បើយ និងកំពុងបន្តទទួលការព្យាបាល។ 
 
នាយកមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្ដា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំមន្ទីរពេទ្យត្រូវការថវិកាចន្លោះពី ៣៥ម៉ឺន ទៅ៤៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីដំណើការផ្ដល់សេវាពិនិត្យ ព្យាបាល និងថែទាំជំងឺមហារីកកុមារ។ លោកវេជ្ជបណ្ឌិតបន្តថា៖« ប្រសិនបើគ្មានមូលនិធិគ្រប់គ្រាន់នោះទេ ការពិនិត្យ ព្យាបាល និងថែទាំជំងឺមហារីកអាចនឹងត្រូវកាត់បន្ថយ រីប្រឈមនឹងការបិទបញ្ឈប់»។
 
នាយកមន្ទីរពេទ្យកុមារអង្គរ រំពឹងថានឹងអាចប្រមូលថវិកាមាន១០ម៉ឺនដុល្លារពីយុទ្ធនការខាងលើនេះ ដោយមានការចូលរួមជ្រោមជ្រែងពីតារាសម្ដែង ឬចម្រៀងល្បីៗអ្នកគាំទ្រ ក្រុមហ៊ុនអាជីវកម្ម សប្បុរសជនទាំងក្នុង និងក្រៅប្រទេសផង។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា បានអំពាវនាវឱ្យមានការគាំទ្រកម្មវិធីខាងលើ និងផ្តល់ជំនួយជាការបរិច្ចាគប្រចាំខែ ឬប្រចាំឆ្នាំ ដើម្បីសង្រ្គោះជីវិតកុមារនាពេលបច្ចុប្បន្ន និងទៅអនាគត។
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ តុលា ដើម្បីបើកយុទ្ធនាការរកជំនួយដើម្បីព្យាបាលជំងឺមហារីកកុមារ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្ដា បានលើកឡើងពីការស្វែងរកជំនួយសម្រាប់ទ្រទ្រង់ការចំណាយក្នុងមន្ទីរពេទ្យផងដែរ។ ដ្បិតជំងឺកូវីដ១៩រៀងថមថយ និងប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគក្ដី តែការរៃអង្គាសទាំងក្នុងនិងក្រៅ នៅមានកម្រិត ហើយសម្រាប់ការចំណាយក្នុងឆ្នាំ២០២២នេះ មន្ទីរពេទ្យនៅខ្វះខាតថវិកាប្រមាណ ៨០ម៉ឺនដុល្លារអាមេរិកទៀត ដើម្បីប្រតិបត្តិការការថែទាំ និងព្យាបាលជំងឺកុមារ ដែលភាគច្រើនក្រីក្រ និងមានជីវភាពខ្វះខាតខ្លាំង។ 
 
សូមបញ្ជាក់ថា យុទ្ធនាការរកជំនួយលើកដំបូង ក្នុងការជួយសង្រ្គោះជីវិតកុមារកម្ពុជាពីជំងឺមហារីករបស់មន្ទីរពេទ្យកុមារ ចាប់ផ្តើមពីថ្ងៃទី២៤ តុលា រហូតដល់ថ្ងៃទី១២ ធ្នូ ដោយរំពឹងថាអាចប្រមូលថវិកាបានប្រមាណ១០ម៉ឺនដុល្លារអាមេរិក ដើម្បីប្រតិបត្តិការថែទាំ និងព្យាបាលជំងឺមហារីកកុមារ៕
 
 

Tag:
 មន្ទីរពេទ្យកុមារអង្គរ
  មហារីកកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com