សង្គមអន្តរជាតិ​
អន្តរជាតិ
ហាមលួចចម្លងពេលប្រឡង! សិស្សនៅហ្វីលីពីននាំគ្នាច្នៃមួក និងរបាំងមុខប្លែកៗ
29, Oct 2022 , 8:29 am        
រូបភាព
ដោយ: ធីតា
អ្នកគ្រូបង្រៀនម្នាក់នៅហ្វីលីពីន បានណែនាំសិស្សរបស់ខ្លួន ឲ្យកាត់សក់ខ្លី ឬពាក់មួកដើម្បីទប់ស្កាត់ការលួចចម្លង (Anti-Cheating Hats) នៅពេលប្រឡង..។ សិស្សស្តាប់តាមការណែនាំ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺពួកគេបានច្នៃមួករបស់ពួកគេក្រោមរូបភាពបែបកំប្លែងៗ និងប្លែកៗពីគ្នា។


 
អ្នកគ្រូ Mary Joy Mandane-Ortiz ត្រូវបានអ្នកសារព័ត៌មាន និងអន្តរជាតិជាច្រើន​សុំសម្ភាស

អ្នកគ្រូ Mary Joy Mandane-Ortiz ដែលបង្រៀនផ្នែកវិស្វកម្មមេកានិក នៅបានអះអាងប្រាប់ BBC ថា គាត់មានគំនិតផ្តួចផ្តើមដូចករណីមួយនៅក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០១៣។ គាត់ពន្យល់ថា៖ «វាជាមធ្យោបាយមួយដ៏ទាក់ទាញ ដោយអាចធានាសុក្រឹតភាព និងភាពស្មោះត្រង់នៅពេលប្រឡង»។
 
អ្វីដែលបានកើតឡើងមិនដូចជាអ្នកគ្រូរូបនេះ បានគិតនោះឡើយ ដោយសិស្សទាំងនោះ បាននាំគ្នាតុបតែងកែច្នៃប្លែកៗ។ ការច្នៃប្រឌិតទាំងនោះ ត្រូវសិស្សអះអាងថា ជាការកាន់តែបង្ហាញស្មោះត្រង់របស់ខ្លួនពេលប្រឡង ដោយសារតែមួកប្លែកៗទាំងនោះ មិនអនុញ្ញាតឲ្យពួកគេអាចលួចចម្លង ឬមើលគ្នាដោយងាយស្រួលនោះឡើយ។
 
 

រូបថតដែលបង្ហោះនៅលើហ្វេសប៊ុក ត្រូវចែកចាយតៗគ្នាយ៉ាងច្រើននៅក្នុងប្រទេសហ្វីលីពីន ហើយក៏បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាសារព័ត៌មានធំៗនៅលើពិភពលោកផងដែរ។ បន្ថែមពីលើនេះ គំនិតដើមរបស់អ្នកគ្រូ Mary Joy Mandane-Ortiz ត្រូវបានយកអនុវត្តនៅតាមសាលាមួយចំនួនទៀតក្នុងប្រទេសហ្វីលីពីន ផងដែរ។
 
សាស្ត្រាចារ្យដែលបង្រៀននៅសាកលវិទ្យាល័យ Biscol University College of Engineering រូបនេះ បានបញ្ជាក់ថា គំនិតដើមរបស់គាត់គឺគ្រាន់តែជាមួកសាមញ្ញប៉ុណ្ណោះ ប៉ុន្តែសិស្សរបស់គាត់ បែរជានាំគ្នាច្នៃក្រោមរូបភាពដ៏ទាក់ទាញ ដូចជា មុខបិសាចចំពេលបុណ្យ Halloween, មួកសុវត្ថិភាព, មុខស៊ុនអ៊ូខុង, ប្រអប់ដាក់ពងទា, ប្រដាប់ព្យួរខោអាវដែលមានរូបខោស្លីប ជាដើម។
 
 

សកម្មភាពបែបនេះ គឺកើតឡើងនៅពេលប្រឡងពាក់កណ្តាលឆមាស កាលពីសប្តាហ៍ទី៣នៃខែតុលា ដោយមានបេក្ខជនរាប់ពាន់បានធ្វើតាមគ្នាជាបន្តបន្ទាប់។  អ្នកគ្រូ Mandane-Ortiz បានអះអាង បេក្ខជនជាច្រើនបញ្ចប់កិច្ចការរបស់ខ្លួនមុនម៉ោងកំណត់ ហើយមិនមានអ្នកណាម្នាក់ដែលត្រូវបានប្រទះឃើញលួចចម្លងនោះឡើយ៕
 
ប្រភពរូបទាំងអស់ពីហ្វេសប៊ុក Mandane-Ortiz R Mary Joy
 

































Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com