អន្តរជាតិ
ថៃនឹងឆ្លងផុតការថមថយសេដ្ឋកិច្ចនៅឆ្នាំក្រោយតាមរយៈគម្រោងវិនិយោគជាច្រើន
30, Oct 2022 , 9:30 pm        
រូបភាព
ក្រុងបាងកក។ រូបភាពយកពី Pixels
ក្រុងបាងកក។ រូបភាពយកពី Pixels
ឧបនាយករដ្ឋមន្ត្រីថៃលោក Supattanapong Punmeechaow បានថ្លែងនៅថ្ងៃទី២៧ ខែតុលាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនឹងធ្វើឱ្យថៃឆ្លងផុតការថមថយសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ តាមរយៈគម្រោងអភិរឌ្ឍជាច្រើន។


ធនាគារពិភពលោក និងអង្គការអន្តរជាតិផ្សេងៗបានព្រមានពីការថមថយសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៣ ដោយធនាគារកណ្ដាលនានា បានបន្តបង្កើនអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណា ខណៈ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងព្រមទាំងការខ្វះខាតបន្ទះឈីប បានបង្អាក់ពាណិជ្ជកម្មសកល និងធ្វើឱ្យស្ថានភាពពាណិជ្ជកម្មសកលកាន់តែអាក្រក់ឡើង។ យ៉ាងណាមិញ ឧបនាយករដ្ឋមន្ត្រីថៃលោក Supattanapong Punmeechaow អះអាងថា ថៃអាចនឹងរួចផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

លោក Supattanapong ដែលជារដ្ឋមន្ត្រីក្រសួងថាមពលផងនោះ បានលើកឡើងទៅកាន់វេទិកាកាសែត Bangkok Post ២០២២ ថា គម្រោងបច្ចុប្បន្ន និងអនាគតរួមមាន ផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិថ្មី, ការកែលម្អកំពង់ផែទឹកជ្រៅ, ក្បាលរថភ្លើងថ្មី, ការពង្រីក បណ្តាញផ្លូវដែក, បណ្តាញដឹកជញ្ជូនកាន់តែច្រើន, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងបណ្តាញបញ្ជូនថាមពលកាន់តែប្រសើរឡើងនឹងជួយស្រោចស្រង់ថៃពីវិបត្តិសេដ្ឋ កិច្ចនៅឆ្នាំក្រោយ។

«យើងមានទំនុកចិត្តថាបន្ទាប់ពីកិច្ចប្រជុំ APEC ក្នុងខែវិច្ឆិកា អ្នកវិនិយោគក្នុងវិស័យទាំងនេះ នឹងមកថៃ ដោយសារការត្រៀមខ្លួនជាស្រេចនៃហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ និងប្រជាជនក្នុងស្រុក»។ ឧបនាយករដ្ឋមន្ត្រីថៃ Supattanapong បានសង្កត់ធ្ងន់បែបនេះ។

បន្ថែមពីនេះ ខណៈការរីករាតត្បាតជំងឺកូវីដ-១៩ បានជំរុញឱ្យប្រជាជនថៃយល់ដឹងកាន់តែ ប្រសើរឡើងពីចំណេះដឹងឌីជីថល កត្តានេះបានផ្ដល់ឱ្យថៃមានលក្ខខណៈសមគួរក្នុងការទាក់ទាញអ្នកវិនិយោគ។ ភាពខ្លាំងរបស់ថៃក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយ លើកកម្ពស់សេដ្ឋកិច្ចបៃតងជាកត្តាសំខាន់ៗផ្សេងទៀតពីលើចំណេះដឹងឌីជីថល។

រដ្ឋមន្ត្រីក្រសួងថាមពលរូបនេះបានសម្គាល់ថា ផ្នែកសុខភាព, ឱសថ, ជីវ, សេដ្ឋកិច្ច, មជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្ម cloud គឺអាចជាវិស័យដែលអ្នកវិនិយោគគិតគូរបន្ទាប់ ពីកិច្ចប្រជុំកំពូលនៃមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទី ក្រុងបាងកក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍៕

Tag:
 ថៃ
  ការថមថយសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com