អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិកនិងសម្ពន្ធមិត្ត រិះគន់រុស្ស៊ីថា ធ្វើឱ្យខាតបង់ពេលវេលាក្រុមប្រឹក្សាសន្តិសុខ ព្រោះលើកបញ្ហាដដែល
28, Oct 2022 , 9:29 pm        
រូបភាព
តំណាងអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield (កណ្ដាល) និង ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំ UN លោកស្រី Barbara Woodward (ឆ្វេង)។ រូបថត AFP
តំណាងអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield (កណ្ដាល) និង ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំ UN លោកស្រី Barbara Woodward (ឆ្វេង)។ រូបថត AFP
អាមេរិក និងសម្ពន្ធមិត្ត នៅថ្ងៃទី២៧ ខែតុលា បានស្ដីបន្ទោសរុស្ស៊ីដែលបង្កការរំខាននាំឱ្យខ្ជះខ្ជាយពេលវេលារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដោយនិយាយរឿងដដែលព័ត៌មានថាអាម៉េរិកមានកម្មវិធីអាវុធជីវសាស្ត្រនៅក្នុងអ៊ុយក្រែន។


កន្លងមករុស្ស៊ីនិយាយហើយនិយាយទៀតក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) អំពីបញ្ហាកម្មវិធីអាវុធជីវសាស្រ្តរបស់អាម៉េរិកនៅអ៊ុយក្រែន។ អាម៉េរិក និងអ៊ុយក្រែនច្រានចោលការចោទនេះម្ដងជាពីរដងដែរ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃទី២៧ ខែតុលា អាម៉េរិក និងបណ្ដាប្រទេសសម្ពន្ធមិត្តបានបន្ទោសរុស្ស៊ីថា ការលើកឡើងដដែលៗជុំវិញរឿងអាវុធជីវសាស្ត្រនោះធ្វើឱ្យខ្ជះខ្ជាយពេលវេលា។

«កិច្ចប្រជុំនេះ ធ្វើឱ្យខ្ជះខ្ជាយពេលវេលាច្រើនណាស់។ វាជាការប៉ុនប៉ងបង្វែរចំណាប់អារម្មណ៍ពីអំពើឃោរឃៅដែលកងកម្លាំងរុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែន និងជាយុទ្ធសាស្ត្របង្ហាញអំពីភាពត្រឹមត្រូវនៃសង្គ្រាមមិនយុត្តិធម៌»។ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បាននិយាយបែបនេះ ហើយបន្ថែមថាការចោទប្រកាន់របស់រុស្ស៊ីជាការប្រតិដ្ឋសុទ្ធសាធហើយគ្មានភស្តុតាងឡើយ។

តំណាងអង់គ្លេសក៏នៅមិនស្ងៀមដែរ។ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំ UN លោកស្រី Barbara Woodward ​បាន​សួរ​ទៅកាន់តំណាងរុស្ស៊ីក្នុងកិច្ចប្រជុំដដែលនោះថា តើ​ក្រុមប្រឹក្សាសន្តិសុខត្រូវ​ស៊ូទ្រាំ​ស្ដាប់​រឿង​មិន​សម​ហេតុ​ផលនេះ​ប៉ុន្មានដង​ទៀត?

ទោះអាម៉េរិកបដិសេធ រុស្ស៊ីមិនឈប់ឡើយ ហើយអះអាងថាខ្លួនកំពុងជំរុញឱ្យបើកការស៊ើបអង្កេតជាផ្លូវការ ដោយបានព្រាងសេចក្តីសម្រេចបង្កើតគណៈកម្មការមានសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ ដើម្បីស៊ើបអង្កេតកម្មវិធីជីវសាស្ត្រ។ សកម្មភាពបែបនេះអាចធ្វើទៅបាន ប៉ុន្តែវាមិនដែលបានធ្វើឡើយ នៅក្រោមអនុសញ្ញាអាវុធជីវសាស្រ្តដែលបានចូលជាធរមានតាំងពីឆ្នាំ១៩៧៥។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

«តើអ្នកពិតជាគិតថាយើងល្ងង់មែនទេ? តើអ្នកគិតថាមន្ទីរបញ្ចកោណនឹងជូនដំណឹងទៅអ្នកតំណាងជាន់ខ្ពស់នៃការិយាល័យទទួលកិច្ចការរំសាយអាវុធរបស់ UN អំពីកម្មវិធីអាវុធជីវសាស្ត្រសម្ងាត់របស់ពួកគេនៅអ៊ុយក្រែនមែនទេ?»។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក Vassily Nebenzia បានឆ្លើយតបដោយចោទជាសំណួរបែបនេះវិញ ខណៈដែលលោកនិយាយពីការចង់បង្កើតគណៈកម្មការស៊ើបអង្កេតកម្មវិធីអាវុធជីវសាស្រ្ត។

វាមិនច្បាស់ពីពេលណាដែលរុស្ស៊ីនឹងដាក់ការព្រាងសេចក្តីសម្រេចឱ្យមានការបោះឆ្នោត។ ដើម្បីអនុម័តសេចក្ដីសម្រេចមួយ រុស្ស៊ីត្រូវការសំឡេងគាំទ្រចំនួនប្រាំបួន ហើយមិនមានការវ៉េតូពីចិន រុស្ស៊ី អាមេរិក បារាំង ឬអង់គ្លេសឡើយ។ បណ្ដាអ្នកការទូតរបស់ប្រទេសលោកខាងលិចជាច្រើន បាននិយាយថា វិធានការរបស់រុស្ស៊ីទំនងជានឹងបរាជ័យ៕

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com