ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនៅឆ្នាំ២០២៣ ក្រោយអាក់ខាន ២ឆ្នាំ
28, Oct 2022 , 9:59 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ។ រូបភាពពី SPM ។
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ។ រូបភាពពី SPM ។
មន្រ្តីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាល យោធិន និងមន្ត្រីជាប់កិច្ចសន្យា ត្រូវបានរដ្ឋាភិបាល សម្រេចដំឡើងប្រាក់បៀវត្សជូនចាប់ពីខែមករាឆ្នាំ ២០២៣ ។ ក្នុងនោះបៀវត្សអប្បបរមារបស់គ្រូបង្រៀននឹងគ្រូពេទ្យទទួលបាន ១លាន៤០ម៉ឺនរៀល ខណៈមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធបានចាប់ ១លាន៣០ម៉ឺនរៀល។


បើតាមខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បៀវត្សអប្បបរមារបស់មន្រ្តីរាជការស៊ីវិលនឹងត្រូវដំឡើងពីចំនួន ១ ១៧២ ៥០០រៀល នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣០០ ០០០រៀល ចាប់ពីខែមករា ឆ្នាំ២០២៣។ ទន្ទឹមនេះ បៀវត្សអប្បរមារបស់គ្រូបង្រៀន និងគ្រូពេទ្យនឹងត្រូវដំឡើងពីចំនួន ១ ២៧២ ៥០០រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០រៀល ។

ជាមួយគ្នានេះ ប្រាក់បៀវត្សរបស់នគរបាលដែលមានឋានន្តរសក្តិចាប់ពីពលបាលត្រី នឹងត្រូវដំឡើងពីចំនួន ១ ២៥៦ ៩៧៧រៀល ដល់ប្រមាណ ១ ៣៨៤ ៤៧៧រៀល (មិនគិតបញ្ចូលរបបអង្ករ) ខណៈដែលយោធិន មានឋានន្តរសក្តិចាប់ពីពលទោ នឹងត្រូវដំឡើងពី ១ ១២៣ ៥០០រៀល ដល់ប្រមាណ ១ ២៥១ ០០០រៀល (មិនគិតរបបអង្ករ) បើគិតទាំងរបបអង្ករត្រូវជាប្រមាណ ១ ៣០៩ ៤៧៧រៀល។

ដោយឡែក ចំពោះមន្ត្រីជាប់កិច្ចសន្យា ក៏នឹងត្រូវដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែពី ៦៧ម៉ឺនរៀល ដល់ ៧១ម៉ឺនរៀល ផងដែរ។ គួរបញ្ជាក់ថា នៅឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើនចំណូលសរុបថវិកាជាតិឱ្យបាន ៣៦ ៧៦៧ ៦៧០លានរៀល ហើយគ្រោងចំណាយសរុប ៣៩ ២០៦ ២០៥លានរៀល។ ការដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការនេះ ក្រោយផ្អាកដំណើការបណ្ដោះអាសន្ននៅឆ្នាំ ២០២១ និង២០២២ ដោយសារផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩៕

Tag:
 បៀវត្ស
© រក្សាសិទ្ធិដោយ thmeythmey.com