អន្តរជាតិ
យោធាមីយ៉ាន់ម៉ា៖ បើអាស៊ានបង្ខំឱ្យអនុវត្តចំណុចទាំង៥ក្នុងពេលកំណត់ ផលអាក្រក់នឹងកើតមានឡើង
28, Oct 2022 , 10:59 pm        
រូបភាព
ដោយ:
របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែតុលាព្រមានទៅអាស៊ានមុនថា ប្រសិនបើអង្គការតំបន់មួយនេះកំណត់ពេលឱ្យខ្លួនអនុវត្តចំណុចឯកច្ឆន្ទទាំងប្រាំ នោះនឹងបង្កឱ្យមានផលអាក្រក់ជាជាងធ្វើឱ្យស្ថានភាពបច្ចុប្បន្នប្រសើរឡើង។


ក្រោយកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានដែលជជែកពីបញ្ហាមីយ៉ាន់ម៉ានាទីក្រុងហ្សាការតាថ្ងៃទី២៧ ខែតុលា ប្រធានអាស៊ានចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីហិង្សាបន្តកើនឡើងនៅមីយ៉ាន់ម៉ា។

ក្នុងនោះដែរ ជាមួយអវត្តមានអ្នកតំណាងមីយ៉ាន់ម៉ា រដ្ឋមន្រ្តីការបរទេសអាស៊ានទាំង៩ពិភាក្សាពីអនុសាសន៍សំខាន់ៗដែលត្រូវដាក់ជូនប្រមុខដឹកនាំអាស៊ានពិចារណានៅកិច្ចប្រជុំកំពូលអាស៊ានដើម្បីធានាថាមីយ៉ាន់ម៉ាអនុវត្តចំណុចឯកច្ឆន្ទទាំង៥ប្រកបដោយប្រសិទ្ធភាព និងទៅតាមពេលវេលាកំណត់។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នឹងធ្វើនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា។

ទាក់ទងរឿងនេះ ក្រសួងការបរទេសរបស់យោធាមីយ៉ាន់ម៉ាចេញសេចក្តីថ្លែងការណ៍ថា ផែនការសន្តិភាពដែលព្រមព្រៀងដោយមីយ៉ាន់ម៉ា និងអាស៊ានកាលពីឆ្នាំមុនកំពុងដំណើរការ មិនមែនជាប់គាំងឡើយ។ បន្ថែមពីនេះ បើអាស៊ានបង្ខំឱ្យមីយ៉ាន់ម៉ាអនុវត្តចំណុចឯកច្ឆន្ទទាំង៥ក្នុងកាលកំណត់ណាមួយ វានឹងនាំឱ្យមានផលអាក្រក់ទៅវិញទេ។

«ការបញ្ចូលសម្ពាធបន្ថែមដោយកំណត់ពេលវេលានឹងបង្កើតផលប៉ះពាល់អវិជ្ជមានច្រើនជាងវិជ្ជមាន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសយោធាមីយ៉ាន់ម៉ានៅថ្ងៃទី២៧ ខែតុលា។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ហិង្សាដែលកើតមាននៅមីយ៉ាន់ម៉ាគឺដោយសារក្រុមប្រដាប់អាវុធរើបង្រះប្រឆាំងរដ្ឋាភិបាលយោធាទេ ហើយមីយ៉ាន់ម៉ាមិនទទួលស្គាល់លទ្ធផលនៃកិច្ចប្រជុំអាស៊ានទេដោយសារគ្មានវត្តមានតំណាងខ្លួនឡើយ។

គួររំឭកថា មីយ៉ាន់ម៉ាធ្លាក់ក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនៅខែកុម្ភៈ ឆ្នាំ២០២១។ ជម្លោះរវាងក្រុមប្រដាប់អាវុធប្រឆាំងរបបសឹក និងយោធាមីយ៉ាន់ម៉ាកើតមានជាញឹកញយ។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពនៅរដ្ឋអាស៊ីអាគ្នេយ៍មួយនេះកាន់តែយ៉ាប់យ៉ឺនដោយគ្រាប់បែកពីរគ្រាប់ត្រូវបានបំផ្ទុះនៅពន្ធនាគារ Insein ក៏ដូចជាមានការវាយប្រហារតាមអាកាសនៅរដ្ឋកាឈីនដែលបណ្តាលឱ្យជនស៊ីវិលស្លាប់យ៉ាងតិច៨០នាក់៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com