អន្តរជាតិ
តៃវ៉ាន់​ប្រាប់​ឱ្យ​ចិន​បញ្ឈប់​ការគំរាមកំហែងផ្នែកយោធា និងចាប់ផ្តើមកិច្ចចរចា
29, Oct 2022 , 2:29 pm        
រូបភាព
លោក Chiu Tai-san ប្រធានក្រុមប្រឹក្សាកិច្ចការដីគោក។ រូបថត Taipei Times
លោក Chiu Tai-san ប្រធានក្រុមប្រឹក្សាកិច្ចការដីគោក។ រូបថត Taipei Times
ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់លោក Chiu Tai-san នៅថ្ងៃទី២៨​ ខែតុលា ជំរុញឱ្យចិនបញ្ឈប់​ការគំរាមកំហែងផ្នែកយោធា និងការឈ្លានពានតៃវ៉ាន់ ហើយងាកមករកការរក្សាសន្តិភាព និងស្ថិរភាពវិញ។
«ទីក្រុងប៉េកាំងគួរតែបញ្ឈប់ការឈ្លានពានរបស់ខ្លួន ព្រោះវានឹងធ្វើឱ្យភាគីទាំងពីរកាន់តែមានគម្លាតពីគ្នា និងបង្កើនភាពតានតឹងនៅក្នុងតំបន់ប៉ុណ្ណោះ»។ ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់លោក Chiu Tai-san បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៨​ ខែតុលា។ 
លើសពីនេះ លោក Chiu ក៏បានបន្តជំរុញឱ្យចិន​បញ្ឈប់​ការគំរាមកំហែងផ្នែកយោធា និងងាកមករកការរក្សាសន្តិភាព និងស្ថិរភាពវិញ ដោយគន្លឹះនៃសន្តិភាពការដោះស្រាយបញ្ហាដោយមិនប្រើកម្លាំង។ លោក Chiu បានលើកឡើងទៀតថា ទីក្រុងប៉េកាំងគួរតែដោះស្រាយការខ្វែងគំនិតជាមួយតៃប៉ិតាមរយៈការសន្ទនាដោយគ្មានលក្ខខណ្ឌជាមុន។ 
ទន្ទឹមនេះដែរ លោក Chiu សង្ឃឹមថា ចិនអាចបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរចូលក្នុងប្រទេសជាបណ្តើរៗ ដែលចិនកន្លងមកបានអនុវត្តដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺ កូវីដ-១៩ ដើម្បីឱ្យភាគីទាំងពីរអាចបន្តការផ្លាស់ប្តូរប្រកបដោយសណ្តាប់ធ្នាប់ និងបង្កើតភាពវិជ្ជមានក្នុងការទំនាក់ទំនងគ្នា។ 
យ៉ាងណាមិញ ចិនម្តងហើយម្តងទៀតតែងបដិសេធលើកិច្ចចរចាដោយផ្អែកលើសមភាពជាមួយនឹងការគោរពគ្នាទៅវិញទៅមកជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ដែលទីក្រុងប៉េកាំងចាត់ទុកជាជនផ្តាច់ខ្លួន។ ចិនតាំងពីដើមមក តែងចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។
ថ្មីៗនេះ ប្រធានាធិបតីចិនលោក ស៊ី​ ជិនភីង បាននិយាយនៅក្នុងសុន្ទរកថាមួយក្នុងអំឡុងសមាជបក្សកុម្មុយនិស្តនៅទីក្រុងប៉េកាំងថា ចិនប្តេជ្ញាបង្រួបបង្រួមទឹកដី បើទោះបីជាត្រូវប្រាស់កម្លាំងលើកោះតៃវ៉ាន់ក្តី៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com