អន្តរជាតិ
កូរ៉េ​ខាង​ត្បូង​ ច្រានចោលការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីថា ខ្លួនបញ្ជូនអាវុធឱ្យអ៊ុយក្រែន
29, Oct 2022 , 5:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី២៨ ខែតុលាបានបដិសេធថា ទីក្រុងសេអ៊ូល​មិនដែលបានផ្តល់អាវុធប្រយុទ្ធណាមួយដល់អ៊ុយក្រែនឡើយតាំងពីផ្ធុះសង្រ្គាមមក។ ការបដិសេធរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងថាការសម្រេចចិត្តរបស់កូរ៉េខាងត្បូងផ្តល់អាវុធដល់អ៊ុយក្រែននឹងបំផ្លាញទំនាក់ទំនងទ្វេភាគី។


ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងមូស្គូនៅថ្ងទី២៧ ខែតុលា បានចោទប្រកាន់ប្រទេសលោកខាងលិចថាបានញុះញង់ឱ្យមានសង្រ្គាមនៅអ៊ុយក្រែន។​ លោកក៏បានអះអាងថា ការសម្រេចចិត្តរបស់កូរ៉េខាងត្បូងក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែននឹងបំផ្លាញទំនាក់ទំនងរវាងភាគីទាំងពីរ ហើយព្រមានបញ្ជូនអាវុធទៅកូរ៉េខាងជើងដើម្បីឱ្យស្មើភាពគ្នាទៀតផង។ 
 
យ៉ាងណាមិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ប្រាប់អ្នកកាសែតនៅថ្ងៃទី២៨ ខែតុលាថា កូរ៉េខាងត្បូងបានផ្តល់ជំនួយមនុស្សធម៌​ និងសាមគ្គីជាមួយសហគមន៍អន្តរជាតិក្នុងការរក្សាសន្តិភាពដល់អ៊ុយក្រែន ប៉ុន្តែមិនដែលបានផ្តល់អាវុធសម្រាប់ប្រយុទ្ធឱ្យអ៊ុយក្រែនឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។
«ទោះជាយ៉ាងណាក៏ដោយ វាជាបញ្ហានៃអធិបតេយ្យភាពរបស់យើង ហើយខ្ញុំចង់ឱ្យអ្នកដឹងថា យើងកំពុងព្យាយាមរក្សាសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក រួមទាំងរុស្ស៊ីផងដែរ»។ លោក យូន បានបន្ថែមបែបនេះ។ 
 
កន្លងមក ទីក្រុងសេអ៊ូលបានបញ្ជូនអាវក្រោះការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព និងសម្ភារៈការពារផ្សេងទៀត ក៏ដូចជាការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្រ្តទៅឱ្យអ៊ុយក្រែនដែរ។ ប៉ុន្តែកូរ៉េខាងត្បូងតែងបដិសេធសំណើរបស់ទីក្រុងកៀវក្នុងការជួយផ្គត់ផ្គង់អាវុធ។
 
កូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តដ៏ជិតសិទ្ធរបស់អាម៉េរិកនេះ បានអះអាងថា ខ្លួននឹងមិនផ្តល់ជំនួយជាអាវុធធុនធ្ងន់ដល់អ៊ុយក្រែនឡើយ ហើយបានព្យាយាមជៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី៕
 

Tag:
 (កូរ៉េខាងត្បូង
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com