អន្តរជាតិ
អធិការបតីអាល្លឺម៉ង់ នឹងធ្វើទស្សនកិច្ចនៅចិននៅដើមខែវិច្ឆិកា
29, Oct 2022 , 8:29 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល។ រូបភាព៖ AFP
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល។ រូបភាព៖ AFP
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល នឹងធ្វើទស្សនកិច្ចនៅចិន នាថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ លោកអូឡាហ្វ ស្ហូល នឹងជាមេដឹកនាំសហភាពអឺរ៉ុបទីមួយ ដែលធ្វើទស្សនកិច្ចនៅចិន ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើង។
 
 
ចិន និងអឺល្លឺម៉ង់ ជាដៃគូពាណិជ្ជកម្មដ៏ធំមួយក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ២៤០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ស្របពេលទំនាក់ទំនងការទូតទ្វេភាគីឈានចូលដល់រយៈពេល ៥០ឆ្នាំ ​លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់ នឹងធ្វើទស្សនកិច្ចនៅចិន តាមការអញ្ជើញរបស់លោកលី ខឹឈាំង នាយករដ្ឋមន្រ្តីចិន។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាល្លឺម៉ង់នេះ ធ្វើឡើងស្របពេលប្រទេសលោកខាងលិច កំពុងមានភាពចម្រូងចម្រាសលើបញ្ហាសិទ្ធិមនុស្ស កោះតៃវ៉ាន់ ប្រជាធិបតេយ្យ ជាមួយចិន។ 
 
លោក ស្ហូល នឹងជាមេដឹកនាំអឺរ៉ុបទីមួយ ដែលត្រូវធ្វើទស្សនកិច្ចនៅចិន ចាប់តាំងពីជំងឺរាតត្បាតសកលកូវីដ-១៩ ផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនោះ ក៏មានតំណាងក្រុមហ៊ុនធំៗអាល្លឺម៉ង់ទៅជាមួយផង ក្នុងនោះមានដូចជា ក្រុមហ៊ុន Adidas, ក្រុមហ៊ុនរថយន្ត BMW, ក្រុមហ៊ុន Volkswagen ជាដើម៕
 

Tag:
 (អាល្លឺម៉ង់
  ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com