អន្តរជាតិ
ទោះសមាជិកភាពស៊ុយអែតត្រូវតួកគីរារាំង ហ្វាំងឡង់សន្យានឹងចូលណាតូដំណាលគ្នា
29, Oct 2022 , 10:00 pm        
រូបភាព
នាយករដ្ឋមន្រ្តីស៊ុយអែត Ulf Kristersson ចាប់នាយករដ្ឋមន្រ្តីហ្វាំងឡង់ Sanna Marin ។ រូបថត Reuters
នាយករដ្ឋមន្រ្តីស៊ុយអែត Ulf Kristersson ចាប់នាយករដ្ឋមន្រ្តីហ្វាំងឡង់ Sanna Marin ។ រូបថត Reuters
ដោយ:
នាយករដ្ឋមន្រ្តីហ្វាំងឡង់ Sanna Marin សន្យានៅថ្ងៃទី២៨ ខែតុលាថា នឹងចូលសម្ព័ន្ធយោធាណាតូនៅពេលតែមួយជាមួយស៊ុយអែតដែលជួបបញ្ហាជាមួយតួកគី។ ដើម្បីចូលណាតូបាន ស៊ុយអែត និងហ្វាំងឡង់ ត្រូវការសច្ចាប័នដែលអនុម័តដោយសភារបស់ប្រទេសសមាជិកណាតូទាំង៣០។
 
ហ្វាំងឡង់ និងស៊ុយអែតត្រូវបានតួកគីចោទថាផ្តល់កន្លែងស្នាក់នៅដល់បក្សពលករឃើដដែលត្រូវបានចាត់ទុកជាក្រុមភេរវករ។ ប៉ុន្តែស៊ុយអែតរងការព្រមានខ្លាំងជាងគេ។ តួកគីម្តងហើយម្តងទៀតព្រមានថា ទាល់តែស៊ុយអែតបញ្ជូនជនសង្ស័យភេរវករទៅតួកគីតាមកិច្ចព្រមព្រៀងត្រីភាគីកន្លងមក ទើបសភាក្រុងអង់ការ៉ាផ្តល់សច្ចាប័ន។ 
 
ទាក់ទងរឿងនេះ នាយករដ្ឋមន្រ្តីហ្វាំងឡង់ Sanna Marin លើកឡើងថា បើទោះប្រធានាធិបតីតួកគីមានបញ្ហាជាមួយស៊ុយអែតជាជាងប្រទេសលោកស្រីក៏ដោយ ហ្វាំងឡង់នឹងមិនទុកស៊ុយអែតចោលឡើយ។ 
 
«វាពិតជាសំខាន់សម្រាប់យើង ជាការពិតណាស់ ហ្វាំងឡង់ និងស៊ុយអែតនឹងចូលណាតូរួមគ្នា»។ លោកស្រី Marin ថ្លែងបែបនេះទៅកាន់សន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត នៅក្រុងហែលស៊ិនគីថ្ងៃទី២៨ ខែតុលា។
 
ចំណែក នាយករដ្ឋមន្រ្តីស៊ុយអែតថ្មី Ulf Kristersson ដែលទើបចូលកាន់តំណែងសប្តាហ៍មុន បញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែតបានបោះគ្រប់ជំហានរួមគ្នារហូតមកទល់ពេលនេះ ហើយគ្មានមហិច្ឆតាអ្វីក្រៅពីនេះទេ។
 
លោក Kristersson បញ្ជាក់ថា នឹងជួបជាមួយប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ឆាប់ៗនេះ។ លោក បន្ថែមទៀតថា វាពិតជាស្របតាមផ្លូវច្បាប់ណាស់ដែលតួកគីទទួលបានការបញ្ជាក់ថាស៊ុយអែតកំពុងប្តេជ្ញាធ្វើអ្វីតាមក្រមខណ្ឌនៃកិច្ចព្រមព្រៀង។ បើតាមការចេញផ្សាយរបស់កាសែតស៊ុយអែត Aftonbladet តួកគីអញ្ជើញនាយករដ្ឋមន្រ្តីស៊ុយអែតថ្មីឱ្យចូលរួមកិច្ចប្រជុំទ្វេភាគីនៅក្រុងអង់ការ៉ាប្រហែលជាថ្ងៃទី៨ ខែវិច្ឆិកា។
 
សូមបញ្ជាក់ថា ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហ្វាំងឡង់ និងស៊ុយអែតកែប្រែគោលនយោបាយអព្យាក្រឹតរបស់ខ្លួនរាប់សិនឆ្នាំមកដាក់ពាក្យចូលសម្ព័ន្ធយោធាណាតូជាផ្លូវការកាលពីខែឧសភា។ ក្រោយត្រូវបានរដ្ឋណាតូទាំងអស់ចុះហត្ថលេខាលើពិធីសារចូលជាសមាជិករួច នីតិវីធីបន្ទាប់សម្រាប់សមាជិកភាពណាតូរបស់ប្រទេសទាំងពីរនៅជាប់គាំងដោយសារសភាតួកគី និងហុងគ្រីមិនទាន់ផ្តល់សច្ចាប័ននៅឡើយ៕
 
 
 

Tag:
 (តួកគី
  ហ្វាំងឡង់
  ស៊ុយអែត)
© រក្សាសិទ្ធិដោយ thmeythmey.com