អន្តរជាតិ
រុស្ស៊ី ប្រកាសបញ្ចប់កំណែនទ័ពបម្រុងហើយ តែអ៊ុយក្រែនថានឹងអាចរើសថែមទៀត
29, Oct 2022 , 11:00 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌិមៀ ពូទីន និងរដ្ឋមន្ត្រី Sergei Shoigu ។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌិមៀ ពូទីន និងរដ្ឋមន្ត្រី Sergei Shoigu ។ រូបថត AFP
ដោយ:
រុស្ស៊ី នៅថ្ងៃទី២៨ ខែតុលាប្រកាសថា បានបញ្ចប់កែនទ័ពបម្រុង៣០ម៉ឺននាក់ដើម្បីប្រយុទ្ធនៅអ៊ុយក្រែនហើយ ខណៈ១ភាគ៤នៃយោធាទាំងនេះបានបញ្ជូនទៅសមរភូមិ ហើយនៅសល់ប៉ុន្មានទៀតកំពុងហ្វឹកហាត់។ ប៉ុន្តែ ដោយយោធាទាំងនោះមិនបានហ្វឹកហ្វឺនត្រឹមត្រូវ អ៊ុយក្រែនជឿថា រុស្ស៊ីមិនទាន់បញ្ចប់ការងារទេ ហើយអាចនឹងកែនទ័ពបម្រុងបន្ថែមទៀត។
 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីខែមុនចេញបញ្ជាកែនទ័ពបម្រុង៣០ម៉ឺននាក់ដើម្បីបន្តប្រយុទ្ធនៅអ៊ុយក្រែន។ សេចក្តីប្រកាសរបស់លោកពូទីននេះនាំឱ្យមានការតវ៉ាកើនឡើងក្នុងប្រទេសប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែន ហើយមនុស្សរាប់ពាន់នាក់ភៀសចេញពីប្រទេសដើម្បីគេចពីកំណែននេះ។ ជាងមួយខែមក រុស្ស៊ីថាកិច្ចការនេះបញ្ចប់ហើយ។
 
«កិច្ចការឱ្យចល័តមនុស្ស៣០ម៉ឺននាក់ដោយលោកត្រូវបានចប់សព្វគ្រប់ហើយ»។ រដ្ឋមន្រ្តីការពារជាតិ Sergey Shoigu ប្រាប់លោក ពូទីន បែបនេះក្នុងកិច្ចប្រជុំនាវិមានក្រេមឡាំងដែលផ្សាយតាមទូរទស្សន៍។ បើតាមរដ្ឋមន្រ្តីការពារជាតិរូបនេះ គ្មានវិធានការចល័តទ័ពថែមទៀតទេ។ ជាងមួយខែប៉ុណ្ណោះ ការប្រមូលទ័ពបម្រុង៣០ម៉ឺននាក់នោះបានបញ្ចប់។ ទាហាន ៨២០០០ នាក់ត្រូវបានបញ្ជូនទៅតំបន់ប្រយុទ្ធ ខណៈនៅសល់ប៉ុន្មានទៀតកំពុងហ្វឹកហ្វឺន។ 
 
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថាការប្រកាសរបស់រុស្ស៊ីនេះមិនប្រាកដនឹងបញ្ចប់មែនទេ ដោយសារតែកងកម្លាំងក្រុងមូស្គូអន់ណាស់ និងនៅត្រូវការជំនួយកម្លាំងជាច្រើនទៀត។
 
«យើងមានរបាយការណ៍ថា សត្រូវបញ្ចប់ការចល័តទ័ពហើយដែលហាក់ដូចជាមិនត្រូវការបញ្ជូនពលរដ្ឋរុស្ស៊ីទៅសមរភូមិជួរមុខជាថ្មីនោះទេ»។ លោក ហ្សេលេនស្គី លើកឡើងបែបនេះក្នុងវីដេអូថ្លែងការណ៍ដោយសង្កត់ធ្ងន់ថា ចំពោះយោធាក្រុងកៀវដែលនៅសមរភូមិជួរមុខដែរនោះមិនគិតដូច្នោះទេ។ 
 
បើតាមមេដឹកនាំអ៊ុយក្រែន បើទោះរុស្ស៊ីកំពុងបង្កើនសម្ពាធលើអ៊ុយក្រែនដោយកែនទ័ពបម្រុងក៏ដោយ ទាហានរុស្ស៊ីទាំងនោះមិនបានត្រៀមខ្លួន ហើយឆ្លងកាត់ការហ្វឹកហ្វឺនគ្រប់គ្រាន់នោះទេ។ ម្យ៉ាងត្រូវបានមេបញ្ជាការបញ្ជាយ៉ាងឃោរឃៅ ទើបក្រុងកៀវសន្មតថាអាចនឹងមានពលរដ្ឋរុស្ស៊ីបន្ថែមទៀតត្រូវបញ្ជូនទៅសមរភូមិ៕
 
 

Tag:
 (រុស្ស៊ី
  អ៊ុយក្រែន)
© រក្សាសិទ្ធិដោយ thmeythmey.com