អន្តរជាតិ
យ៉ាងហោច៤៥នាក់ស្លាប់ដោយសារព្យុះត្រូពិច Nalgae នៅហ្វីលីពីន
29, Oct 2022 , 5:44 pm        
រូបភាព
ព្យុះត្រូពិច Nalgae ដ៏កំណាចនៅថ្ងៃទី២៩ ខែតុលា បានបោកបក់យ៉ាងខ្លាំងចូលហ្វីលីពីន​បន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិច៤៥នាក់ស្លាប់។ នេះបើយោងតាមការបូកសរុបផ្លូវការរបស់រដ្ឋាភិបាលហ្វីលីពីន។
ព្យុះត្រូពិច Nalgae បានវាយលុកលើកោះ Luzon ដែលជាកោះដ៏សំខាន់របស់ហ្វីលីពីន នៅថ្ងៃទី២៩ ខែតុលា ជាមួយនឹងកម្លាំងខ្យល់អតិបរមា ៩៥ គីឡូម៉ែត្រក្នុងមួយម៉ោងបន្ទាប់ពីបានបោកបក់លើកោះ Catanduanes ដែលមានប្រជាជនតិចតួចរស់នៅ ហើយបង្កឱ្យមានការធ្លាក់ដី ខណៈភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់ជនបទភាគច្រើននៅលើកោះ Mindanao ។
នៅរសៀលថ្ងៃទី២៩ ខែតុលា​រដ្ឋាភិបាលហ្វីលីពីនបានប្រកាសពីចំនួនអ្នកស្លាប់បណ្ដោះអាសន្នថាមានចំនួន ៤៥ នាក់។ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់នៅលើកោះ Mindanao មានជាង ៤០ នាក់ឯណោះបើធៀបនឹងចំនួនអ្នកស្លាប់សរុប ហើយ​សម្លាប់​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត​នៅ​កន្លែង​ផ្សេង​ទៀត​។
ក្រុមអ្នកជួយសង្គ្រោះកំពុងផ្តោតលើភូមិ Kusg ដែលមានពលរដ្ឋរស់នៅចន្លោះពី៨០ ទៅ​ ១០០ នាក់ដែលត្រូវបានកប់បន្ទាប់ពីផ្នែកមួយនៃភ្នំដែលគេបោះបង់ចោលនៅក្បែរនោះបានដួលរលំ។
«កាលពី​ម្សិលមិញ យើង​បាន​ផ្តោត​លើ​ការ​ជួយ​សង្គ្រោះ និង​រក​ឃើញ​សាកសព​ចំនួន ១១ នាក់»។ លោក Naguib Sinaimbo ប្រធាន​ការពារ​ជន​ស៊ីវិល​ប្រចាំ​តំបន់បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។ 
ទន្ទឹមនឹងនេះ ការិយាល័យអាកាសចរណ៍ស៊ីវិលហ្វីលីពីនក៏បាននិយាយថា ខ្លួនបានបញ្ឈប់ជើងហោះហើរជាង១០០​ ហើយមកទល់ពេលនេះ។
ជារៀងរាល់ឆ្នាំ ហ្វីលីពីនបានរង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ធំ​ជា​មធ្យម​ចំនួន​២០ក្នុងមួយឆ្នាំ ដែល​សម្លាប់​មនុស្ស​រាប់​រយ​នាក់។​ អ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះបែបនេះដែលសម្លាប់សត្វពាហនៈ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នឹងកាន់តែមានឥទ្ធិពលខ្លាំងឡើង នៅពេលដែលពិភពលោកកាន់តែក្តៅដោយសារតែការប្រែប្រួលអាកាសធាតុ៕
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com