អន្តរជាតិ
មនុស្សយ៉ាងហោចណាស់១៤៩នាក់ស្លាប់ក្នុងហេតុការណ៍ជាន់គ្នានៅកូរ៉េខាងត្បូង
30, Oct 2022 , 8:44 am        
រូបភាព
មនុស្សយ៉ាងហោចណាស់១៤៩នាក់ដែលភាគច្រើនជាយុវជន បានបាត់បង់ជីវិតក្នុងហេតុការណ៍ប្រជ្រៀតគ្នាអំឡុងពិធីបុណ្យ Halloween ក្នុងសង្កាត់ Itaewon ដ៏ល្បីល្បាញរបស់រដ្ឋធានីសេអ៊ូលនៅយប់ថ្ងៃទី២៩ ខែតុលា។ មនុស្សប្រមាណ៧៩នាក់ទៀត រងរបួស។
 
ហេតុការណ៍ដ៏សោកសៅនេះកើតឡើងនៅច្រកផ្លូវតូចមួយមួយក្បែរសណ្ឋាគារ Hamilton ដែលជាតំបន់កម្សាន្តពេលរាត្រីដ៏មានប្រជាប្រិយនៅទីក្រុងសេអ៊ូល។ មនុស្សជាច្រើនពាន់នាក់ សម្រុកទៅទីនោះដើម្បីអបអរបុណ្យ Halloween ។
 
មន្រ្តីផ្នែកអគ្គិភ័យកូរ៉េខាងត្បូងបញ្ជាក់ថា ជនបរទេសពីរនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់១៤៩នាក់ ដែលតួលេខនេះអាចនឹងកើនឡើងថែមទៀត។ ជនបរទេស១៥នាក់ទៀតក៏រងរបួសដែរ។
 
មិនទាន់មានការបញ្ជាក់ហេតុផលដែលនាំឱ្យមានការប្រជ្រៀតគ្នាដល់ស្លាប់នេះឡើយ។ ទីភ្នាក់ងារព័ត៌មាន Yonhap ស្រង់សម្ដីជនរងគ្រោះម្នាក់ថា នៅពេលកំពុងប្រជ្រៀតគ្នា មនុស្សនៅខាងមុខបានដួល ហើយអ្នកនៅខាងក្រោយក៏ត្រូវសង្កត់ពីលើតែម្ដង។
 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ដែលដឹកនាំកិច្ចប្រជុំបន្ទាន់ ក៏បញ្ជាឱ្យអាជ្ញាធរជួយសង្រ្គោះឱ្យបានលឿន ហើយស៊ើបអង្កេតករណីនេះឱ្យម៉ត់ចត់។ ដោយឡែកក្នុងសុន្ទរកថានៅថ្ងៃទី៣០ ខែតុលា លោក យូន និយាយថា ហេតុការណ៍នេះមិនគួរកើតឡើងឡើយ។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏បានផ្ញើសាររំលែកទុក្ខដែរ។ លោក បៃឌិន សរសេរលើ Twitter ថា អាម៉េរិកឈរជាមួយកូរ៉េខាងត្បូងក្នុងហេតុការណ៍អាក្រក់នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com