អន្តរជាតិ
មេដឹកនាំនានាសោកស្តាយចំពោះសោកនាដកម្មនៅកូរ៉េខាងត្បូង ឯអ្នកស្លាប់កើនដល់១៥១នាក់
30, Oct 2022 , 10:45 am        
រូបភាព
ដោយ:
 មេដឹកនាំពិភពលោកជាច្រើនបង្ហោះសាររំលែកទុក្ខចំពោះហេតុការណ៍ដ៏សោកសៅនៅពិធីបុណ្យ Halloween នារដ្ឋធានីសេអ៊ូលកាលពីយប់ថ្ងៃទី២៩ ខែតុលាដែលបណ្តាលឱ្យមនុស្សយ៉ាងតិច១៥១នាក់បាត់បង់ជីវិត ខណៈប្រមាណ៨២នាក់ទៀតរងរបួស។
 
ហេតុការណ៍រត់ជាន់គ្នានាក្រុងសេអ៊ូលកាលពីយប់ថ្ងៃទី២៩ ខែតុលា បណ្តាលឱ្យមនុស្សយ៉ាងយោចណាស់ ១៥១ នាក់បាត់បង់ជីវិតដែលភាគច្រើនជាក្មេងជំទង់ក្នុងវ័យជាង២០ឆ្នាំ។ បើតាមមន្រ្តីផ្នែកអគ្គីភ័យកូរ៉េខាងត្បូង តួលេខអ្នកស្លាប់ក្នុងការប្រជ្រៀតគ្នាអំឡុងពិធីបុណ្យ Halloween ដែលមានមនុស្សសម្រុកទៅប្រហែល១០ម៉ឺននាក់នៅសង្កាត់ Itaewon អាចកើនថែមទៀត ខណៈក្នុងចំណោមអ្នកស្លាប់ទាំងនោះមានជនបរទេស១៩នាក់។
 
បន្ទាប់ពីបញ្ជាឱ្យអាជ្ញាធរជួយសង្រ្គោះជាបន្ទាន់ ហើយស៊ើបអង្កេតករណីនេះឱ្យបានម៉ត់ចត់ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ប្រកាសថ្ងៃកាន់ទុក្ខជាតិនៅថ្ងៃទី៣០ ខែតុលាដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ។​
 
មេដឹកនាំពិភពលោកជាច្រើនបង្ហាញការសោកស្តាយ និងបង្ហោះសាររំលែកទុក្ខចំពោះសោកនាដកម្មនេះ។ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន សរសេរលើ Twitter ថា អាម៉េរិកឈរជាមួយកូរ៉េខាងត្បូងក្នុងហេតុការណ៍អាក្រក់នេះ។ 
 
រីឯ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល សរសេរលើ Twitter ថា ព្រឹត្តិការណ៍សោកនាដកម្មនៅក្រុងសេអ៊ូលជារឿងគួរឱ្យរន្ធត់ណាស់ ហើយអាល្លឺម៉ង់ឈរជាមួយកូរ៉េខាងត្បូងរំលែកទុក្ខដល់ជនរងគ្រោះ និងគ្រួសាររបស់គេ។
 
ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ក៏បានបង្ហាញការសោកស្តាយអស់ពីចិត្តចំពោះហេតុការណ៍ដ៏អាក្រក់នៅកូរ៉េខាងត្បូង។ ចំណែក នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី Rishi Sunak សរសេរលើ twitter ថាអង់គ្លេសនៅឈរជាមួយប្រជាជនកូរ៉េទាំងអស់ក្នុងគ្រាដ៏លំបាកនេះ៕
 
 
 
 
 
 
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com