អន្តរជាតិ
រុស្ស៊ីផ្អាកកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យ​អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ
30, Oct 2022 , 6:29 pm        
រូបភាព
រុស្ស៊ីនៅថ្ងៃទី២៩ ខែតុលា បានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗពីអ៊ុយក្រែន។ ការផ្អាកនេះធ្វើឡើងក្រោយរុស្ស៊ីអះអាងថាមានការវាយប្រហារដោយដ្រូនលើនាវារុស្ស៊ីនៅគ្រីមៀ។


រុស្ស៊ី​បានធ្វើសេចក្តីប្រកាសមួយដោយផ្អាកកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យ​អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារអន្តរជាតិ ក្រោយកងទ័ពរុស្ស៊ីបានអះអាងថាទីក្រុង កៀវ បានវាយប្រហារដោយប្រើដ្រូនលើកងនាវារបស់ខ្លួននៅសមុទ្រខ្មៅនៅថ្ងៃទី២៩ ខែតុលា ទោះអ៊ុយច្រានចោលក្ដី។ 
អង្គការសហប្រជាជាតិ (UN) ជំរុញឱ្យរុស្ស៊ីបន្តអនុវត្តកិច្ចព្រមព្រៀងនេះជាបន្ត។ 
 
កិច្ចព្រមព្រៀង ត្រូវចុះហត្ថលេខារវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីខែកក្កដាដែលមានតួកគី និង UN ជាអ្នកសម្របសម្រួលដើម្បីអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ជួយបន្ធូរបន្ថយដល់វិបត្តិស្បៀងអាហារពិភពលោកដែលបណ្តាលមកពីជម្លោះនៃប្រទេសទាំងពីរ។ អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិជាងប្រាំបួនលានតោនរួចហើយកន្លងមក ខណៈនឹងត្រូវបន្តកិច្ចព្រមព្រៀងជាថ្មីនៅថ្ងៃទី១៩ ខែវិច្ឆិកា។
 
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រភពសន្តិសុខតួកគីបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាទីក្រុងអង់ការ៉ាមិនទាន់ទទួលបានដំណឹងជាផ្លូវការនៅឡើយពីការប្រកាសផ្អាកកិច្ចព្រមព្រៀងរបស់រុស្ស៊ី ខណៈដែលអ៊ុយក្រែន និង UN បានជំរុញឱ្យរុស្ស៊ីបន្តអនុវត្តកិច្ចព្រមព្រៀងនេះ។ 
 
«ខ្ញុំអំពាវនាវឱ្យប្រទេសទាំងអស់ទាមទារឱ្យរុស្ស៊ីបញ្ឈប់ល្បែងអត់ឃ្លានរបស់ខ្លួន ហើយប្តេជ្ញាបំពេញកាតព្វកិច្ចរបស់ខ្លួន»។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានសរសេរបែបនេះលើបណ្តាញសង្គម Twitter ដោយលោកចង់សំដៅលើទង្វើរុស្ស៊ីដែលយកស្បៀងអាហារមកពាក់ព័ន្ធនឹងសង្គម។ 
 
ស្របជាមួយគ្នានេះ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ UN បានលើកឡើងថា វាជារឿងចាំបាច់ណាស់ដែលភាគីជម្លោះត្រូវជៀសវាងពីសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញធញ្ញជាតិពីសមុទ្រខ្មៅ។ 
 
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី វិញក៏បានបង្ហាញប្រតិកម្មរបស់ខ្លួនលើបញ្ហានេះដែរ​។ លោកបានលើកឡើងថា ការផ្អាកកិច្ចព្រមព្រៀងនេះ ទាមទារឱ្យមានការឆ្លើយតបជាខ្លាំងពី UN និងក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20)៕
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com