អន្តរជាតិ
អង់គ្លេសថា រុស្ស៊ីប្រតិដ្ឋរឿងដើម្បីចោទខ្លួនបំផ្ទុះបំពង់បង្ហូរហ្គាស Nord Stream
30, Oct 2022 , 4:59 pm        
រូបភាព
ដោយ:
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី២៩​ ខែតុលាចោទអ្នកជំនាញមកពីអង្គភាពកងទ័ពជើងទឹកអង់គ្លេសជាអ្នកបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីចុងខែកញ្ញា។ ប៉ុន្តែ អង់គ្លេសច្រានចោលការចោទប្រកាន់នេះដោយអះអាងថា រដ្ឋាភិបាលក្រុងមូស្គូកំពុងតែប្រតិដ្ឋរឿង។
 
បំពង់បង្ហូរហ្គាស Nord Stream ដែលភ្ជាប់ពីរុស្ស៊ីទៅអាល្លឺម៉ង់ក្រោមសមុទ្របាល់ទិកត្រូវបានរកឃើញបែកធ្លាយបួនកន្លែងកាលពីខែមុនដែលទំនងបំភាយឧស្ម័នមេតានច្រើនបំផុតមិនធ្លាប់មានក្នុងបរិយាកាស។ កន្លងមក រុស្ស៊ីចោទលោកខាងលិចដោយមិនសំដៅលើប្រទេសជាក់លាក់ណាមួយនៅពីក្រោយការបំផ្ទុះនេះ។ 
 
ដោយមិនផ្តល់ព័ស្តុតាង ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី២៩ ខែតុលាចោទអង់គ្លេសជាប្រទេសបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់រុស្ស៊ី។ មុនសង្រ្គាមនៅអ៊ុយក្រែន Nord Stream ជាបំពង់ផ្គត់ផ្គង់ហ្គាសដ៏សំខាន់របស់រុស្ស៊ីទៅអឺរ៉ុប។ 
 
«យោងតាមព័ត៌មានដែលរកបាន អ្នកតំណាងអង្គភាពកងទ័ពជើងទឹកអង់គ្លេសចូលរួមក្នុងការរៀបចំផែនការ ផ្គត់ផ្គង់​ និងអនុវត្តការវាយប្រហារភេរវកម្មនៅសមុទ្របាល់ទិកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំនេះដែលបានបំផ្ទុះបំពង់បង្ហូរហ្គាស Nord Stream 1 និង Nord Stream 2 »។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី។ 
 
យ៉ាងណាមិញ រដ្ឋាភិបាលអង់គ្លេសច្រានចោលការចោទប្រកាន់នេះ។
 
«ដើម្បីបង្វែរពីការទទួលខុសត្រូវរបស់ពួកគេចំពោះការឈ្លានពានខុសច្បាប់យ៉ាងមហន្តរាយនៅអ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ីកំពុងងាកទៅបង្កើតអំណះអំណាងដែលមិនពិតយ៉ាងពេញទំហឹង»។ ក្រសួងការពារជាតិអង់គ្លេសឆ្លើយតបបែបនេះដោយបន្ថែមថា រឿងប្រតិដ្ឋនេះបង្ហាញពីអ្វីដែលកំពុងកើតឡើងក្នុងរដ្ឋាភិបាលរុស្ស៊ីជាជាងពីលោកខាងលិច។
 
នៅថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ី ក៏បានចោទអ្នកតំណាងមកពីអង្គភាពកងទ័ពជើងទឹកអង់គ្លេសនេះពីការជួយអ៊ុយក្រែនរៀបចំដ្រូនវាយប្រហារលើកងនាវាសមុទ្រខ្មៅរុស្ស៊ីនៅកំពង់ផែ Sevastopol នាតំបន់គ្រីមេ។ បើតាមរដ្ឋាភិបាលក្រុងមូស្គូ កប៉ាល់មួយគ្រឿងរបស់កងនាវាសមុទ្រខ្មៅរបស់ខ្លួនរងការខូចខាតតិចតួចពីការវាយប្រហារដោយដ្រូននៅថ្ងៃទី២៩ ខែតុលា៕
 

Tag:
 អង់គ្លេស
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com