អន្តរជាតិ
ចិន​អនុម័ត​ច្បាប់​ថ្មីដែលពង្រឹងការការពារ​ស្ត្រី​ប្រឆាំងការរើសអើង និងការបៀតបៀន​
31, Oct 2022 , 9:35 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
សភាចិននៅថ្ងៃទី៣០ ខែតុលា បានអនុម័តច្បាប់ថ្មីក្នុងគោលបំណងផ្ដល់ការការពារបន្ថែមដល់ស្រ្តី​ប្រឆាំងនឹងការរើសអើងយេនឌ័រ និងការបៀតបៀនផ្លូវភេទ។ ច្បាប់ថ្មីនេះឆ្លងកាត់ការជជែកច្រើនដងនៅឯសភាចិន។


​ច្បាប់​ថ្មីដែលបន្ថែមការការពារ​ស្ត្រី​ កើតឡើងបន្ទាប់ពីសកម្មជនសិទ្ធិមនុស្សសម្តែងការព្រួយបារម្ភក្រោយរដ្ឋាភិបាល​ចិនហាក់កាត់បន្ថយតួនាទីស្ត្រីក្នុងជួររដ្ឋាភិបាលកំពូល ការធ្លាក់ចុះនៃសិទ្ធិស្ត្រី ក៏ដូចជាការរឹតត្បិតបន្ថែមទៀតលើស្រ្តីចំពោះការរំលូតកូន។
 
យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថា ច្បាប់ថ្មីក្នុងការការពារស្ត្រីនេះនឹងកែប្រែពីអាកប្បកិរិយាបែបអភិរក្សនិយមរបស់ចិនបានកម្រិតណានៅឡើយ។​ នេះជាលើកដំបូងហើយក្នុងរយៈពេលជាង៣០ឆ្នាំដែលច្បាប់ស្តីពីការការពារស្ត្រីត្រូវបានកែប្រែ។ ​សេចក្តីព្រាងច្បាប់ការពារ​ស្ត្រី​ថ្មីដែលហៅថា ច្បាប់ការពារសិទ្ធិ និងផលប្រយោជន៍ស្ត្រី ត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជននៅថ្ងៃទី២៧ ខែតុលាកន្លងទៅ។ 
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ច្បាប់នេះនឹងពង្រឹងការការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមស្រ្តីដែលជួបការលំបាក ដូចជាស្ត្រីក្រីក្រ ស្ត្រីវ័យចំណាស់ និងស្ត្រីពិការជាដើម។ និយោជកនឹងត្រូវទទួលខុសត្រូវ ប្រសិនបើសិទ្ធិ និងផលប្រយោជន៍ការងារ និងសន្តិសុខសង្គមរបស់ស្ត្រីត្រូវបានបំពាន ហើយការរារាំងដល់ការជួយសង្គ្រោះស្ត្រីដែលត្រូវបានជួញដូរ និងចាប់ជំរិតនឹងត្រូវចាត់ទុកថាជាបទល្មើស។ 
 
លើសពីនេះ​ អាជ្ញាធរមូលដ្ឋានក៏ត្រូវជាអ្នកទទួលខុសត្រូវក្នុងការជួយសង្គ្រោះស្ត្រីដែលត្រូវបានជួញដូរផងដែរ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com