អន្តរជាតិ
បាក់ស្ពានទើបជួសជុលនៅឥណ្ឌា សម្លាប់មនុស្សយ៉ាងតិច១២០នាក់
31, Oct 2022 , 9:53 am        
រូបភាព
ក្រុមសង្រ្គោះកំពុងរកជនរងគ្រោះក្នុងហេតុការណ៍បាក់ស្ពាននៅ Gujarat ។ រូបថត AFP
ក្រុមសង្រ្គោះកំពុងរកជនរងគ្រោះក្នុងហេតុការណ៍បាក់ស្ពាននៅ Gujarat ។ រូបថត AFP
មនុស្សយ៉ាងហោចណាស់១២០នាក់ បាត់បង់ជីវិតក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែងនៅរដ្ឋ Gujarat នៅថ្ងៃទី៣០ ខែតុលា។
 
ស្ពានសម្រាប់ថ្មើរជើងដែលបាក់ ត្រូវសាងសង់តាំងពីសម័យអាណានិគមអង់គ្លេសមក។ បើតាមអាជ្ញាធរឥណ្ឌា មនុស្សប្រមាណ៥០០នាក់ កំពុងអបអរពិធីបុណ្យសាសនាមួយលើ និងនៅក្បែរស្ពានយោលក្នុងរដ្ឋ Gujarat ភាគខាងលិចឥណ្ឌា។
 
ទំនងមិនអាចទ្រទម្ងន់បាន ស្ពានចំណាស់១៥០ឆ្នាំ ក៏បាក់ដាច់ ហើយមនុស្សជាច្រើនក៏ធ្លាក់ចុះទឹកទន្លេ ខណៈមនុស្សជាច្រើនប្រឹងតោងបំណែកស្ពាននេះ។ ស្ពានដែលឆ្លងកាត់ទន្លេ Machchhu ទើបបើកដំណើរការឡើងវិញក្រោយជួសជុលរួចរាល់ប៉ុណ្ណោះ។
 
មេប៉ូលិសក្រុង Morbi ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សាកសពយ៉ាងតិច១២០ ត្រូវបានរកឃើញ។ មនុស្សប្រមាណ១៣០នាក់ទៀត ត្រូវបានសង្រ្គោះ។ 
 
ស្ពាននេះ មានប្រវែង២៣៣ម៉ែត្រ និងទទឹង១,៥ម៉ែត្រ ហើយត្រូវដាក់ឱ្យតាំងពីឆ្នាំ១៨៨០មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com