អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខការទូតរុស្ស៊ី សង្ឃឹមលោក បៃឌិន មានបញ្ញាគ្រប់គ្រាន់ដោះស្រាយបញ្ហាអ៊ុយក្រែន
31, Oct 2022 , 11:15 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី៣០ ខែតុលា បានប្រដូចសង្គ្រាមនៅអ៊ុយក្រែនជាមួយនឹងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ ដោយសាររុស្ស៊ីស្ថិតក្រោមការគំរាមពីសព្វាវុធលោកខាងលិចដូចគ្នា។ ប្រមុខការទូតរុស្ស៊ីសង្ឃឹមថា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងមានប្រាជ្ញាគ្រប់គ្រាន់ដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាជាសាកលនេះ។


ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីវិបត្តិគុយបាកើតឡើង ដែលនៅពេលនោះសហភាពសូវៀត និងអាម៉េរិករៀបនឹងផ្ទុះសង្រ្គាមនុយក្លេអ៊ែរទៅហើយ។ 
 
នៅក្នុងបទសម្ភាសមួយសម្រាប់ឯកសាររបស់ទូរទស្សន៍ជាតិរុស្ស៊ីស្តីពីវិបត្តិមីស៊ីល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានលើកឡើងថា រុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែននាពេលនេះ ស្រដៀងគ្នាទៅនឹងពេលមានវិបត្តិមីស៊ីលនៅគុយបា ដោយត្រូវគំរាមកំហែងពីអាវុធលោកខាងលិចដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
នៅពេលនោះ មេដឹកនាំសូវៀត លោក Nikita Khrushchev បានដាក់ពង្រាយមីស៊ីលបំពាក់នុយក្លេអ៊ែរនៅគុយបា។ អាម៉េរិកក៏បានដាក់ពង្រាយមីស៊ីលនៅអ៊ីតាលីនិងតួកគីតបវិញដែរ។ នៅខែតុលា ឆ្នាំ ១៩៦២ កងទ័ពជើងទឹកអាម៉េរិកបានទម្លាក់គ្រាប់បែកជុំវិញនាវាមុជទឹករុស្ស៊ី ធ្វើឱ្យមេបញ្ជាការនាវាមុជទឹកសូវៀតចង់បាញ់តបតដោយអាវុធនុយក្លេអ៊ែរ។ 
 
ក្រោយមកដំណោះស្រាយត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការផ្ទុះសង្គ្រាម ដោយមានប្រធានាធិបតីអាម៉េរិក លោក John F Kennedy យល់ព្រមជាសម្ងាត់ដកមីស៊ីលអាម៉េរិកទាំងអស់ចេញពីតួកគី ជាថ្នូរនឹងការដកមីស៊ីលនុយក្លេអ៊ែរពីគុយបា។ 
 
លើសពីនេះ ប្រមុខការទូតរុស្ស៊ី ឡាវរ៉ូវ សង្ឃឹមថា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងមានប្រាជ្ញាគ្រប់គ្រាន់ដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាជាសាកលលើកនេះ ដូចកាលពីអតីតកាល។
 
«ខ្ញុំសង្ឃឹមថានៅក្នុងស្ថានភាពថ្ងៃនេះ ប្រធានាធិបតី ចូ បៃឌិន នឹងមានឱកាសកាន់តែច្រើនដើម្បីស្វែងយល់ថាតើអ្នកណាគួរជាអ្នកធ្វើឱ្យមានសណ្ដាប់ធ្នាប់ និងដោយរបៀបណា»។ លោក ឡាវរ៉ូវ បានបញ្ជាក់បែបនេះមុនបន្ថែមថា ភាពខុសគ្នារវាងវិបត្តិឆ្នាំ ១៩៦២ និងវិបត្តិអ៊ុយក្រែនស្ថិតនៅត្រង់ថាលោក Khrushchev និង លោក Kennedy បានបង្ហាញការទទួលខុសត្រូវដោយប្រាជ្ញា តែបច្ចុប្បន្នមិនទាន់ឃើញការទទួលខុសត្រូវបែបនេះពីខាងភាគីអាម៉េរិក និងប្រទេសសម្ពន្ធមិត្តឡើយ។
 
យ៉ាងណាមិញ លោក ឡាវរ៉ូវ អះអាងថា ភាគីរុស្ស៊ីតែងត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាស្តីពីអ៊ុយក្រែន ហើយបំណងចង់ចរចារនៅតែមិនផ្លាស់ប្តូរ។ រុស្ស៊ីនឹងត្រៀមខ្លួនជានិច្ចដើម្បីស្តាប់សំណើដៃគូលោកខាងលិច ដើម្បីកាត់បន្ថយភាពតានតឹង៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com