អន្តរជាតិ
ជាង១ឆ្នាំក្រោយចេញពីគុក លោក Lula ផ្ដួលលោក Bolsonaro ឈ្នះកៅអីប្រធានាធិបតីប្រេស៊ីលម្ដងទៀត
31, Oct 2022 , 12:39 pm        
រូបភាព
លោក Luiz Inacio Lula da Silva ឈ្នះការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល។ រូបថត AFP
លោក Luiz Inacio Lula da Silva ឈ្នះការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល។ រូបថត AFP
ដោយ:
អតីតប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva នឹងចូលកាន់តំណែងជាប្រធានាធិបតីលើកទីបីនៅដើមឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជ័យជម្នះលើប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន Jair Bolsonaro ក្នុងការបោះឆ្នោតជុំទីពីរ។
 
លោក Luiz Inacio Lula da Silva ឬស្គាល់ជាទូទៅថា Lula ដែលជាអតីតប្រធានាធិបតីប្រេស៊ីលឆ្វេងនិយមមកពីបក្សកម្មករ ប្រជែងឈ្នះកៅអីប្រធានាធិបតីជាថ្មីសម្រាប់អាណត្តិ២០២៣-២០២៦។ ដោយសារមិនមានបេក្ខភាពណាទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយនៅបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី២ ខែតុលា លោក Lula និង លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្នដែលទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេបន្តទៅជុំទីពីរ។ 
 
ជាមួយសំឡេងគាំទ្រ ៥០,៩ ភាគរយទល់នឹង៤៩,១ភាគរយក្នុងលទ្ធផលបោះឆ្នោតជុំទីពីរនាថ្ងៃទី៣០​ ខែតុលា លោក Lula វ័យ៧៧ឆ្នាំត្រូវបានតុលាការបោះឆ្នោតកំពូលប្រេស៊ីលប្រកាសជាប្រធានាធិបតីបន្ទាប់ដែលនឹងត្រូវស្បថចូលកាន់តំណែងនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។​
 
ក្រោយលទ្ធផលបោះឆ្នោត លោក Lula ថ្លែងទៅកាន់អ្នកគាំទ្រនាទីក្រុងសៅប៉ូឡូជាមួយការសន្យាបង្រួបបង្រួមប្រទេសឡើងវិញ លើកស្ទួយសេដ្ឋកិច្ច ក៏ដូចជាប្តេជ្ញាប្រយុទ្ធ​ប្រឆាំងភាពអត់ឃ្លាន និងចាត់វិធានការប្រឆាំងការកាប់បំផ្លាញព្រៃឈើនៅអាម៉ាហ្សូន។
 
«គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ខ្ញុំនឹងគ្រប់គ្រងប្រទេសសម្រាប់ប្រជាជនប្រេស៊ីល២១៥លាននាក់​ ហើយមិនមែនសម្រាប់តែអ្នកបោះឆ្នោតឱ្យខ្ញុំនោះទេ។ មិនមានប្រេស៊ីលពីរនោះទេ។ យើងជាប្រទេសតែមួយ ប្រជាជនតែមួយ និងប្រជាជាតិដ៏អស្ចារ្យ»។ ទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សម្តីរបស់លោក Lula បែបនេះ។ 
 
លោក Geraldo Alckmin ដែលជាដៃគូរបស់លោក Lula ឈរឈ្មោះជាអនុប្រធានាធិបតីប្រេស៊ីលក្នុងយុទ្ធនាការបោះឆ្នោតក៏ត្រូវបានជាប់ឆ្នោតកាន់តំណែងនេះសម្រាប់អាណត្តិបន្ទាប់ដែរ។ 
 
លោក Lula da Silva ធ្លាប់កាន់តំណែងជាប្រធានាធិបតីប្រេស៊ីល២អាណត្តិមកហើយនៅឆ្នាំ២០០៣-២០០៦ និង២០០៧-២០១១ ដែលបានដឹកនាំសេដ្ឋកិច្ចប្រទេសរីកចម្រើនជួយប្រជាជនរាប់លាននាក់រួចផុតពីភាពក្រីក្រ។ 
 
ទោះចាកចេញពីតំណែង លោកទទួលបានការពេញចិត្តពីប្រជាជនដ៏ច្រើនប្រមាណ ៩០ ភាគរយឯណោះ ប៉ុន្តែក្នុងឆ្នាំ២០១៧លោកត្រូវបានជាប់បទចោទពីអំពើពុករលួយ និងលាងលុយកង្វក់ ហើយនៅឆ្នាំ២០១៨ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំ។ ក្រោយជាប់ពន្ធនាគារបានប្រហែល ៥៨០ ថ្ងៃ សំណុំរឿងក្តីរបស់លោក Lula ត្រូវបានតុលាការលុបចោលដែលបើកផ្លូវឱ្យលោកចូលប្រជែងកៅអីប្រធានាធិបតីប្រេស៊ីលជាថ្មី៕
 
 
 
 
 

 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com