Luis Suarez ជួយ Club Nacional លើកពានរង្វាន់ Primera Division នៃលីគកីឡាបាល់ទាត់កំពូលអ៊ុយរូហ្គាយលើកទី ៤៩។ អតីតខ្សែប្រយុទ្ធឆ្នើម Barcelona រូបនេះ ដើរតួរយ៉ាងសំខាន់ និងក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត ដោយជួយក្រុមដែលរូបគេធ្លាប់លេងតាំងពីកុមារភាពមួយនេះ យកឈ្នះ Liverpool FC លទ្ធផល ៤-១ ដើម្បការពារជើងឯករបស់ខ្លួន។
Suarez ម្ចាស់ស្បែកជើងមាស Premier League រដូវកាល ២០១៤ បានចាកចេញពីក្រុម Atletico Madrid កាលពីខែកក្កដា នឹងបានចូលរួមជាមួយក្រុមចាស់ដែលគេធ្លាប់លេងតាំងពីវ័យក្មេង Club Nacional សម្រាប់រដូវកាល ២០២២ នេះ។ Suarez ស៊ុតបាន ៦គ្រាប់ឱ្យក្រុមយក្សអ៊ុយរូហ្គាយមួយនេះក្រោយបង្ហាញខ្លួនបាន ១៣លើក។
នេះជាការឈ្នះពានរង្វាន់លីគកំពូលអ៊ុយរូហ្គាយជាលើកទីពីរហើយសម្រាប់ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ដែលហាក់បីដូចមានអាជីពមួយដ៏ភ្លឺស្វាងនៃបាល់ទាត់ ខណៈរូបគេធ្លាប់ឈ្នះពាននេះជាមួយ Club Nacional ក្នុងរដូវកាល ២០០៥-០៦ម្តងរួចហើយ។
Club Nacional គ្រងជើងឯកក្រោយយកឈ្នះលើក្រុម Liverpool FC ៤-១ នាកីឡដ្ឋាន Centenario ក្នុងទីក្រុង Montevideo ដោយអតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះបានស៊ុតគ្រាប់បាល់បើកឆាកនៅនាទី៥០ និងគ្រាប់ទីពីរនៅនាទីបន្ថែមម៉ោង ១៥នាទី ពីរដង ពោលនៅនាទី៩៦ មុនមិត្តរួមក្រុម Emanuel Gigliotti ស៊ុតបន្ថែម ២គ្រាប់នាទី១០៧ និង ១១៣ ក្រោយប្តូរចូលនៅនាទី៩១។
Primera Division ជាពានរង្វាន់ទី ២០ហើយសម្រាប់អាជីពរបស់ Suarez ដោយក្នុងនោះក៏រួមមានពានរង្វាន់ La Liga ៥លើក និង Champions League ១លើកអំឡុងលេងឱ្យ Barca។ Suarez ចាកចេញពីអ៊ុយរូហ្គាយឆ្នាំ ២០០៦ ទៅចូលរួមជាមួយ FC Groningen មុនផ្លាស់ទៅ Ajax Amsterdam ឆ្នាំ ២០០៧ ជាកន្លែងដែលគេឈ្នះពាន Eredivisie។
បុរសវ័យ ៣៥រូបនេះត្រូវបានក្លិប Liverpool របស់អង់គ្លេសនាំយកទៅពីក្រុម Ajax ក្នុងឆ្នាំ ២០១១ ជាទីកន្លែងដែលរូបគេបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពបាល់ទាត់ ដោយរូបគេស៊ុតបាន ៨២គ្រាប់ពីការបង្ហាញខ្លួន ១៣៣លើកឱ្យក្រុមហង្សក្រហម។ Suarez បានលេងនៅប្រទេសអេស្ប៉ាញរយៈពេល ៨ឆ្នាំ មុនវិលត្រលប់មកប្រទេសកំណើតវិញ។
តែទោះជាយ៉ាងណា ក្រោយពីបញ្ចប់រដូវកាល ២០២២ នេះ Suarez ក៏នឹងចាកចេញពីក្រុម ដោយមិនទាន់មានដំណឹងណាមួយនៅឡើយទេសម្រាប់អនាគតនៃអាជីពជាកីឡាកររបស់អតីតកីឡាករក្រុម Atletico Madrid រូបនេះ៕