កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag សង្ឃឹមថាអ្នកចាំទី De Gea នឹងបន្តនៅ Man United 31, Oct 2022 , 4:49 pm
× លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United សង្ឃឹមថាអ្នកចាំទីដ៏អស្ចារ្យប្រចាំក្រុម David de Gea នឹងបន្តនៅ Old Trafford ច្រើនរដូវកាលបន្ថែមទៀត។ គ្រូហូឡង់លើកឡើងដូច្នេះ ក្រោយមើលឃើញអ្នកចាំទីអេស្ប៉ាញ បង្ហាញទម្រង់លេងល្អតាមរយៈការជួយក្រុមឈ្នះ West Ham United ១-០ នាជំនួប Premeir League។
អ្នកចាំទី De Gea បានបង្ហាញទម្រង់លេងដ៏ល្អដោយបានសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ West Ham ជាច្រើនលើកនៅក្នុងវគ្គទីពីរ ដើម្បីជួយ Man United យកបាន ៣ពិន្ទុពីការប្រកួតក្នុងទឹកដី Old Trafford។ ជ័យជម្នះនេះ ធ្វើឱ្យក្រុមបិសាចក្រហមឆ្លងកាត់ ៨ប្រកួតមិនទាន់រងបរាជ័យម្តងឡើយរាល់គ្រប់ការប្រកួត ហើយនេះក៏ជាជ័យជម្នះទី៥ ក្នុងក្របខណ្ឌ Premier League ផងដែរ។
ក្រោយពេលបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការប្រកួត អ្នកចាត់ការវ័យ ៥២ឆ្នាំបាននិយាយប្រាប់អ្នកកាសែតថា លោកកំពុងគិតគូផ្តល់កិច្ចសន្យាបន្ថែមដល់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ។ De Gea នឹងផុតកិច្ចសន្យាជាមួយក្រុមបិសាចក្រហមនាចុងបញ្ចប់រដូវកាល ២០២២-២៣ នេះ។
«ការចរចាកិច្ចសន្យា ដូចដែលយើងនិយាយពីដំបូង យើងកំពុងផ្តោតអារម្មណ៍លើការប្រកួត។ យើងកំពុងតែខិតខំ នៅមុនពេលសម្រាក សម្រាប់ប្រកួត World Cup ហើយខ្ញុំសប្បាយចិត្តជាមួយ De Gea។ ខ្ញុំចង់ឱ្យ De Gea បន្តជាមួយយើងទៀត។»។ លោក Ten Hag និយាយក្នុងសន្និសីទកាសែតបែបនេះ។
Man United បច្ចុប្បន្នឡើងមកឈរនៅចំណាត់ថ្នាក់លេខ៥ នៃតារាង Premier League មានចំនួន ២៣ពិន្ទុឆ្លងកាត់ ១២ប្រកួត ប្រជែងឈ្នះ Chelsea ដែលធ្លាក់ទៅឈរលេខ ៦ ក្រោយចាញ់ Brighton ៤-១។
ដោយឡែក Marcus Rashford រកបានគ្រាប់ទី១០០ របស់ខ្លួន សម្រាប់ Manchester United នៅគ្រប់កម្មវិធីប្រកួត ក្រោយស៊ុត១គ្រាប់នៅនាទី៣៩ ដើម្បីជួយ Man Utd ឈ្នះ West Ham ១-០ នៅជំនួបលីគសប្តាហ៍ទី១២៕
Tag:
Erik ten Hag
David de Gea
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com