កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូព្រុយណេ៖ ខ្ញុំជឿថា ការតាំងចិត្ត និងស្មារតីកីឡាករ ព្រុយណេនឹងឈ្នះកៅអីទៅ Mitsubishi Cup
04, Nov 2022 , 8:29 am        
រូបភាព
លោក Gopalkrishnan A S Ramasamy គ្រូជម្រើសជាតិទីម័រខាងកើត រូបពី KOMPAS
លោក Gopalkrishnan A S Ramasamy គ្រូជម្រើសជាតិទីម័រខាងកើត រូបពី KOMPAS
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិព្រុយណេ និងទីម័រខាងកើត ត្រូវប្រកួតជម្រុះ play-off ពីរជើងដើម្បីដណ្តើមកៅអីទៅកាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងធ្វើនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ លោក Mario Rivera Campesino គ្រូបង្វឹកក្រុមជម្រើសជាតិព្រុយណេ ជឿជាក់ថា ការតាំងចិត្ត និងស្មារតីប្រកួតរបស់កីឡាករ នឹងធ្វើឲ្យក្រុមទទួលបានកៅអីជើងឯកតំបន់អាស៊ាននេះ។


ការប្រកួតជើងទី១វគ្គជម្រុះ play-off ព្រុយណេ ត្រូវស្វាគមន៍ ទីម័រខាងកើត នៅ Bandar Seri Begawan នាថ្ងៃទី៥ ខែវិច្ឆិកា មុនត្រឡប់ទៅទឹកដីទីម័រខាងកើតសម្រាប់ជើងទី២ នៅថ្ងៃទី៨ ខែវិច្ឆិកា នៅកីឡដ្ឋាន Balapan dan padang ។


 លោក Mario Rivera Campesino គ្រូបង្វឹកជម្រើសជាតិព្រុយណេ ថ្លែងក្នុងសន្នីសិទ។ រូបពី Football Federation of Brunie Darussalam
 
លោក Mario Rivera បញ្ជាក់ថាកីឡាករព្រុយណេ តាំងចិត្តខ្ពស់ និងមានស្មារតីប្រកួតប្រជែងណាស់ ដើម្បីបានទៅវគ្គបន្ទាប់ក្នុងព្រឹត្តិការណ៍នេះ។ ម្យ៉ាងវិញទៀត កីឡាករព្រុយណេ ដូចជាមានសង្ឃឹមខ្លាំងណាស់ ក្នុងការយកជ័យជំនះលើទីម័រខាងកើត ព្រោះកីឡាករទាំងនោះ បានត្រៀមខ្លួនរូចស្រេច។ មិនត្រឹមតែការប្រកួតជម្រុះយកកៅអីក្នុងពូលទេ ប៉ុន្ដែពួកគេ ត្រៀមសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍នេះ តែម្ដង។ 
 
«យើង បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតជម្រុះ។ ខ្ញុំជឿថា ជាមួយការតាំងចិត្ត និងស្មារតីប្រកួតរបស់កីឡាករ យើងសង្ឃឹមថា នឹងទទួលបានកៅអីសម្រាប់យើងនៅក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup។»។ គ្រូបង្វឹករូបនេះ បាននិយាយទាំងមានសង្ឃឹមបែបនេះ។
 
ដោយឡែក លោក R. Gopalkrishnan គ្រូបង្វឹកជម្រើសជាតិទីម័រខាងកើត ដែលទើបតែងតាំងជំនួសលោក Fabio Maciel បានបញ្ជាក់ថា កូនក្រុមខ្លួន មិនមានសម្ពាធទេ បើទោះជាការប្រកួត ក្នុងទឹកដីរបស់ព្រុយណេក៏ដោយ។ គ្រូបង្វឹករូបនេះ និយាយដូច្នេះថា៖«គ្មានសម្ពាធអ្វីទាំងអស់សម្រាប់ក្រុម ក្នុងវគ្គជម្រុះនេះ យើងគ្រាន់តែដឹងថា កីឡាករ ត្រូវធ្វើឲ្យបានល្អបំផុតក្នុងការប្រកួត។ នេះ គឺជាអ្វីដែលពួកគេត្រូវធ្វើដើម្បីក្រុម។»។
 
ក្រុមទាំងពីរនេះ មិនធ្លាប់ជួបគ្នាពីមុនមកទេ ក្នុងព្រឹត្តិការណ៍ AFF Championship។ ព្រុយណេ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានតែមួយលើកទេ គឺនៅឆ្នាំ១៩៩៦ រីឯ ទីម័រខាងកើត បានចូលរួមចំនួន ៣លើករួចមកហើយ គឺឆ្នាំ២០០៤, ២០១៨ និង ឆ្នាំ២០២០។
 
ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup ត្រូវប្រកួតពីរជើង ដោយគិតក្នុងដី និងក្រៅដី (Home and Away)។ ការប្រកួត ដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ត្រូវបានចាប់ផ្ដើមសម័យកាលថ្មីនៅឆ្នាំ២០២២ បន្ទាប់ពី AFF Suzuki Cup។ ដោយឡែងអំឡុងពេលកូវីដ-១៩ ការប្រកួតធ្វើតែមួយជើងប៉ណ្ណោះ ដោយធ្វើទឹកដីកណ្ដាល មានប្រទេសក្នុងតំបន់អាស៊ានណាមួយជាម្ចាស់ផ្ទះ។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ AFF Mitsubishi Cup 2022 នឹងចាប់ប្រកួតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយប្រទេស៤ផ្សេងទៀត មាន ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងក្រុមឈ្នះពីវគ្គជម្រុះ ខណៈ ពូល B មានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕
 

Tag:
 បាល់ទាត់
  AFF
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com