សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចរុស្ស៊ីបានធ្លាក់ចុះជាបន្តបន្ទាប់ ខណៈអតិផរណាខ្ពស់ និងរុំព័ទ្ធដោយទណ្ឌកម្មលោកខាងលិច
04, Nov 2022 , 8:29 pm        
រូបភាព
មនុស្សម្នាដើរនៅលើទីលានក្រហមក្នុងក្រុងមូស្គូ រូស្ស៊ី។ រូបភាពពី AFP ។
មនុស្សម្នាដើរនៅលើទីលានក្រហមក្នុងក្រុងមូស្គូ រូស្ស៊ី។ រូបភាពពី AFP ។
សេដ្ឋកិច្ចរបស់រុស្ស៊ីបានធ្លាក់ចុះ ៣ខែជាប់ៗគ្នា ស្របពេលអតិផរណាកើនឡើង និងការដាក់សម្ពាធទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់។ ចាប់ពីខែកក្កដាដល់ខែកញ្ញា ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីបានធ្លាក់ចុះក្នុងចន្លោះពី ៤ ទៅ ៥ភាគរយ។


កាលពីថ្ងៃទី២ វិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់ទិន្នន័យចុងក្រោយរបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីថា នៅក្នុងខែកញ្ញា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានថយចុះ ៥ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យនេះក៏បានបង្ហាញពីការធ្លាក់ចុះ ៤ភាគរយនៅក្នុងខែសីហា និង ៤,៣ភាគរយនៅក្នុងខែកក្កដាផងដែរ។
 
បើតាមទិន្នន័យខាងលើ ទំហំសេដ្ឋកិច្ចរបស់រុស្ស៊ីបានធ្លាក់ចុះ ៤,៤ភាគរយនៅក្នុងត្រីមាសទី៣ បន្ទាប់ពីបានធ្លាក់ចុះ ៤,១ភាគរយនៅក្នុងត្រីមាសទី២។ ដោយឡែកនៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ២០២២ GDP របស់​ប្រទេស​មួយនេះ ​បាន​កើន​ឡើងវិញបន្តិចក្នុងអត្រា ៣,៥ភាគរយបើ​ធៀប​នឹង​ឆ្នាំ​មុន។
 
រុស្ស៊ីនៅតែស្ថិតនៅក្រោមសម្ពាធទណ្ឌកម្មរបស់អាម៉េរិក និងអឺរ៉ុបដែលដាក់លើបុគ្គល វិស័យនានា និងអាជីវកម្មសំខាន់ៗជាច្រើន ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតែជម្លោះនៅអ៊ុយក្រែន។ ទន្ទឹមនេះ​​រុស្ស៊ី ក៏ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ពី​មុន​ផង​ដែរ ​សម្រាប់​ការ​បញ្ចូល​តំបន់គ្រីមៀ កាលពីឆ្នាំ​២០១៤ និង​ការចោទ​ថា​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​អាម៉េរិក។
ប្រជាជនរុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធអតិផរណាខ្ពស់ផងដែរ។ កាលពីខែមុន អតិផរណានៅក្នុងប្រទេសរុស្ស៊ីស្ថិតក្នុងអត្រា ១២,៩ភាគរយ ក្រោយពីងើបចេញនៃការធ្លាក់ចុះ ១៤,៣ភាគរយនៅក្នុងខែសីហា ខណៈធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់តម្លៃ។
 
រុស្ស៊ី​តែងតែអះអាង​ថា សេដ្ឋកិច្ច​របស់​ខ្លួន​រឹងមាំ​គ្រប់គ្រាន់ ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នៃ​ទណ្ឌកម្ម។ ក្នុងនាមជាអ្នកនាំចេញប្រេង និងឧស្ម័នដ៏សំខាន់មួយ រុស្ស៊ី បានរកឃើញវិធីមួយ ដើម្បីរក្សាប្រាក់ចំណូលថាមពលរបស់ខ្លួន ដោយផ្លាស់ប្តូរការលក់ផលិតផលទៅកាន់ដៃគូនៅអាស៊ី ជាពិសេសឥណ្ឌា និងចិន។
 
ទោះជាយ៉ាងណាក៏ដោយ អង្គការលោកខាងលិចដូចជា អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ,មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានព្យាករថា នឹងមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីនៅឆ្នាំនេះ។ 
 
ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី កាលពីថ្ងៃទី២វិច្ឆិកា ក៏បានព្យាករផងដែរថា GDP របស់រុស្ស៊ីនៅក្នុងឆ្នាំនេះ នឹងធ្លាក់ចុះ ២,៩ភាគរយ ហើយរំពឹងថាធ្លាក់ចុះប្រមាណ ០,៨ភាគរយនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនឹងត្រលប់មកវិញក្នុងរយៈពេល ២ឆ្នាំខាងមុខ ជាមួយនឹងអត្រាកំណើនដូចគ្នា ២,៦ភាគរយ៕
 

Tag:
 រុស្ស៊ី សេដ្ឋកិច្ច អតិផរណា
© រក្សាសិទ្ធិដោយ thmeythmey.com