ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មេឃុំអន្លង់ត្នោត ថាការផ្ដល់សេវារដ្ឋបាលជូនពលរដ្ឋ មិនមានការរើសអើងឡើយ 06, Nov 2022 , 2:02 pm
×
ដោយ៖ ផាន សុខជា និង ព្រំ វិសាល (យុវជនឃុំអន្លង់ត្នោត)
ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ ការផ្តល់សេវារដ្ឋបាលដល់ពលរដ្ឋ របស់អាជ្ញាធរឃុំអន្លង់ត្នោត ហាក់មានភាពមមាញឹក ខណៈរៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋប្រមាណ ២៥នាក់ មករកសេវាដោយផ្ទាល់។ ទន្ទឹមនឹងនេះ អាជ្ញាធរឃុំ ក៏ត្រូវធ្វើដំណើរទៅដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅតាមភូមិ ដោយផ្ទាល់ផងដែរ។ អ្នកស្រី ប៊ិន ស៊ីវឡា មេឃុំអន្លង់ត្នោត បានបញ្ជាក់ថា ការផ្តល់សេវារដ្ឋបាលដល់ពលរដ្ឋ គឺមិនមានការរើសអើង ឬប្រកាន់និន្នាការអ្វីឡើយ ពោលគឺពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលរដ្ឋបាលសាធារណៈដោយស្មើភាព។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបព័ត៌មានលម្អិត៖
អ្នកស្រី ប៊ិន ស៊ីវឡា បន្ថែមថា៖«ក្រុមការងារធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ក្នុងនាមជាអាជ្ញាធរម្នាក់ ដែលបម្រើប្រជាពលរដ្ឋ គឺយើងមិនមានការរើសអើង ឬកំណត់និន្នាការនយោបាយអ្វីមួយឡើយ។ មិនមានការរើសអើងចំពោះជនមានពិការរភាព ក៏ដូចជាប្រជាពលរដ្ឋ មិនថាអ្នកមាន ឬក៏អ្នកក្រយ៉ាងណាក៏ដោយ គឺតែងតែយកចិត្តទុកដាក់ ព្រមទាំងផ្ដល់សេវាជូនដោយទឹកមុខយ៉ាងញញឹម មិនមានការរើសអើង ឬក៏មានការប្រើពាក្យសម្ដីមិនសមរម្យ ទៅដល់ប្រជាពលរដ្ឋនោះទេ។»។
បើតាមមេឃុំដដែល សេវាដែលពលរដ្ឋមានតម្រូវការច្រើនជាងគេនៅក្នុងឃុំ គឺការធ្វើអត្រានុកូលដ្ឋាន ពោលគឺសេវាពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ លិខិតមរណភាព និងសេវាពាក់ព័ន្ធនឹងការធ្វើសំបុត្រកំណើត។ ក្នុងនាម ជាមេឃុំ អ្នកស្រី ស៊ីវឡា ថាខ្លួនមានការសប្បាយចិត្តយ៉ាងខ្លាំងក្នុងការផ្ដល់សេវាដល់ប្រជាពលរដ្ឋដោយស្មើភាព។ អ្នកស្រី ក៏តាំងចិត្តថានឹងផ្តល់សេវាដល់ពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត នៅក្នុងអាណត្តិខ្លួន៕
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com