អន្តរជាតិ
ប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ប្ដេជ្ញាជួយអ៊ុយក្រែនកសាងវិស័យថាមពលឡើងវិញ
06, Nov 2022 , 2:29 pm        
រូបភាព
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅថ្ងៃទី៤ ខែវិច្ឆិកា បានព្រមព្រៀងគ្នាជួយគាំទ្រ និងសម្របសម្រួលការកសាងវិស័យថាមពលនៅអ៊ុយក្រែនឡើងវិញ និងជួយផ្គត់ផ្គង់ទឹកផងដែរ បន្ទាប់ពីរងការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញអគ្គិសនី ។
 
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសជឿនលឿនទាំង៧ (G7) បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រទេស G7 យល់ព្រមលើរចនាសម្ព័ន្ធថ្មីមួយដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ពិសេសលើវិស័យថាមពលឡើងវិញ។ ថាមពលអគ្គិសនីអ៊ុយក្រែនត្រូវបានកាត់ផ្ដាច់ដោយការវាយប្រហាររបស់រុស្ស៊ី។ 
 
«យើងនឹងឈរជាមួយអ៊ុយក្រែនយ៉ាងរឹងមាំឱ្យបានយូរតាមដែលអ៊ុយក្រែនត្រូវការ។ ថ្ងៃនេះ យើងបង្កើតយន្តការសម្របសម្រួល G7 ដើម្បីជួយអ៊ុយក្រែន ជួសជុល ស្តារ និងការពារហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ជុំវិញវិស័យថាមពល និងទឹករបស់ខ្លួន»។ សេចក្ដីថ្លែងការណ៍ដដែលបានអះអាងបែបនេះ។
 
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានបាញ់មីស៊ីល និងបង្ហោះដ្រូនសំដៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ រដ្ឋាភិបាលក្រុងកៀវលើកឡើងថា រុស្ស៊ីបានបំផ្លាញប្រព័ន្ធចែកចាយថាមពលក្នុងប្រទេសរហូតដល់ ៤០ភាគរយ ។ អាជ្ញាធរអ៊ុយក្រែនបានព្រមានថា ប្រជាជនអាចប្រឈមនឹងការដាច់ភ្លើងជាច្រើនម៉ោង ដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
មន្ត្រីអាម៉េរិកមួយរូបបាននិយាយថា ជំនួយដែលនឹងផ្ដល់ឱ្យរដ្ឋាភិបាលក្រុងកៀវសម្រាប់ការពារខ្លួន និងឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធមានដូចជាប្រព័ន្ធការពារដែនអាកាស។ 
 
ទាក់ទិនការវាយប្រហាររចនាសម្ព័ន្ធថាមពលអ៊ុយក្រែននេះ ទីក្រុងមូស្គូបានទទួលស្គាល់តែបដិសេធថាខ្លួនមិនបានវាយប្រហារទីប្រជុំជនឡើយ ហើយអះអាងថានេះជាអ្វីដែលខ្លួនហៅថាប្រតិបត្តិការយោធាពិសេស ដើម្បីលុបបំបាត់អ្នកមានគំនិតជ្រុលនិយម។ 
 
គួរបញ្ជាក់ថា ទោះមិនមែនជាសមាជិក G7 រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក៏បានចូលរួមកិច្ចពិភាក្សា G7 ផងដែរតាមប្រព័ន្ធអនឡាញ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com