ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ មេឃុំជីខក្រោម គ្រោងធ្វើផ្លូវបេតុង ២ខ្សែ ក្នុងអាណត្តិថ្មី 08, Nov 2022 , 3:59 pm

×![]()
ដោយ៖ រុន ចាន់នី ( យុវជនឃុំជីខក្រោម)
ស្រុកស្រែអំបិល, កោះកុង៖ ពីមួយអាណត្តិទៅមួយអាណត្តិ រដ្ឋបាលឃុំជីខក្រោម តែងតែសាងសង់ផ្លូវបេតុងនិងជួសជុលផ្លូវជាបន្តបន្ទាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋក្នុងឃុំ ។ លោក អាង ទី មេឃុំជីខក្រោម បានឱ្យដឹងថា នៅក្នុងអាណត្តិថ្មីនេះ ឃុំនឹងសាង់សង់ផ្លូវបេតុង ប្រវែង ៣២៦ម៉ែត្របន្ថែមទៀត។
មេឃុំជីខក្រោម លោក អាង ទី បានពន្យល់ថា ការសាងសង់ផ្លូវបេតុង ឬជួសជុលផ្លូវលំ គឺធ្វើឡើងមួយឆ្នាំមានម្ដងតាមការដេញថ្លៃគម្រោង និងតាមថវិការបស់ឃុំ។ បើតាមលោកមេឃុំ ផ្លូវខូតខាត ភាគច្រើននៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យតំបន់ដែលចំណោត ខូចខាតព្រោះគ្មានប្រព័ន្ធប្រឡាយលូបង្ហូរទឹកចេញ នាំឱ្យទឹកហូរកាត់ផ្លូវនិងនៅតំបន់ទាបមានជង្ហុក។
ជុំវិញបញ្ហានេះ មេឃុំជីខក្រោមរូបនេះ បានអះអាងថា ក្រុមប្រឹក្សាឃុំមានវិធានការទប់ស្កាត់កុំឱ្យ ដោយដាក់លូរំដោះទឹកប្រឡាយនៅតំបន់ណាដែលមានទឹកហូរកាត់ច្រើន កន្លែងចំណោត កន្លែងដីទាប កន្លែងមានស្ពាន។ លើសពីនេះ ឃុំក៏គ្រោងសង់ផ្លូវបេតុងឱ្យបានច្រើនតាមលទ្ធភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងជួយការពារកុំឱ្យផ្លូវឆាប់ខូចញឹកទៀត។
លោក អាង ទី រៀបរាប់ដូច្នេះ៖ «ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវមានប្រសិទ្ធភាពល្អដោយសារការកសាងផ្លូវក្នុងឃុំយើងផ្ដោតទៅលើផ្លូវបេតុងសំខាន់យើងធ្វើផ្លូវបេតុងម្ដងវាជាប់បានយូរឆ្នាំ បើសិនជាផ្លូវលំវាជាប់មិនបានយូរ អញ្ចឹងក្រុមរដ្ឋបាលឃុំជីខក្រោមយើងតែងតែលើកផ្លូវបេតុងធ្វើឱ្យបានច្រើនជាងផ្លូវលំ»។
លោក អាង ទី បានបន្ថែមថា បច្ចុប្បន្នឃុំជីខក្រោម មានផ្លូវបេតុង ប្រមាណ៥-៦ ខ្សែ។ ហើយ នៅអាណត្តិក្រោយ ឬឆ្នាំក្រោយ អាជ្ញាធរឃុំជីខក្រោម នឹងគ្រោងធ្វើផ្លូវបេតុងឲ្យបានគ្រប់ភូមិនៅក្នុងឃុំ។
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
Tag:
ផ្លូវ
កោះកុង
ឃុំជីខក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com