ជាតិ
អាស៊ាន
លោក ពូទីន បញ្ជូនរដ្ឋមន្រ្តីការបរទេស មកប្រជុំអាស៊ាននៅកម្ពុជា
10, Nov 2022 , 10:30 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ពេលលោកមកចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ពេលលោកមកចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី
លោក វ្លាឌីមៀ ពូឌីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជូនលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្រ្តីការបរទេស ឲ្យមកចូលរួមប្រជុំអាស៊ាននៅកម្ពុជា។ បើតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នឹងមានវត្តមាននៅកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។


ស្ថានទូតរុស្ស៊ី អះអាងថា រុស្ស៊ី ចាត់ទុកកិច្ចប្រជុំអាស៊ាន ជាធាតុដ៏សំខាន់១ក្នុងការស្ថាបនាសន្តិសុខតំបន់ ដែលមានឥទ្ធិពលសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមក។ ស្ថានទូតរុស្ស៊ីសរសេរដូច្នេះថា៖«ក្នុងកិច្ចប្រជុំនេះ យើង ចាត់ទុកថា សំខាន់ ដើម្បីពិភាក្សាគ្នាលម្អិតអំពីបញ្ហាប្រឈមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសព្វថ្ងៃ»។ 
 
គួរដឹងថា រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) ក៏កំពុងមានវត្តមាននៅកម្ពុជាដែរ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។ លោក បានមកដល់កម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា។ 
 
មេដឹកនាំប្រទេសធំៗ ដូចជា លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជាដើម រួមទាំងលោក អាន់តូនីញូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏នឹងមកចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជាដែរ។ 
 
កិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១ ដែលកម្ពុជាធ្វើជាប្រធាន ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕ 
 

Tag:
 ប្រជុំអាស៊ាន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com