ជាតិ
សេដ្ឋកិច្ច
ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត គ្រោងចំណាយថវិកា ១ ៦៣៨ លានដុល្លារ
10, Nov 2022 , 7:59 pm        
រូបភាព
ដោយ:
ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត គ្រោងសាងសង់នៅឆ្នាំ២០២៣ ដោយចំណាយថវិការចំនួន ១៦៣៨លានដុល្លារអាមេរិក។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ចូន បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិតនៅថ្ងៃទី ១០វិច្ឆិកានេះ។


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ចូន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីកសាងសាងផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត។ ផ្លូវនេះមានចម្ងាយ ១៣៨គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកា ១៦៣៨លានដុល្លារ។


 រូបភាព Capture ពីវីដេអូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន

បន្ទាប់ពីលោក ស៊ុន ចាន់ថុល បានជួបជាមួយរដ្ឋមន្រ្តីក្រសួងសាធារណការរបស់វៀតណាមកាលពីថ្ងៃទី ៨វិច្ឆិកាកន្លងទៅ បានឱ្យដឹងថា ផ្លូវល្បឿនលឿនពីក្រុងហូជីមិញមកបាវិត នឹងសាងសង់បញ្ចប់នៅដើមឆ្នាំ២០២៧។ ដូច្នេះដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាមទាន់ពេលវេលា រដ្ឋាភិបាលកម្ពុជា នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ ហើយនឹងបញ្ចាប់នៅដើមឆ្នាំ២០២៧ដូចគ្នា។
 
«ផ្លូវល្បឿនលឿននេះ មានសារសំខាន់ណាស់ ក្នុងការទំនាក់ទំនងទំនិញ និងអ្នកធ្វើដំណើរឆ្លងកាត់»។ រដ្ឋមន្រ្តីក្រសួងសាធារណៈការរូបនេះបញ្ជាក់យ៉ាងដូច្នេះ ហើយបន្តថា ផ្លូវនេះតភ្ជាប់តាំងពីប្រទេសចិន ភូមា ថៃ កម្ពុជា និងវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលពង្រីក ២កន្លងទៅ ៤គន្លងពីប៉ោយប៉ែតមកភ្នំពេញពីភ្នំពេញទៅបាវិត។ 
 
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ពេលសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតរួច ក្រសួង នឹងបែងចែកជា ២ច្រក គឺទីមួយជាច្រក សម្រាប់អ្នកដំណើរទេសចរណ៍ និងមួយទៀតសម្រាប់ការដឹកជញ្ជូនទំនិញ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍៕
 
 

Tag:
 ផ្លូវល្បឿនលឿន
  ភ្នំពេញ-បាវិត
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com