អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
EU នឹងចេញច្បាប់មិនទទួលស្គាល់លិខិតឆ្លងដែនរុស្ស៊ីចេញឱ្យប្រជាជននៅអ៊ុយក្រែន
11, Nov 2022 , 8:29 pm        
រូបភាព
ដោយ:
ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុបនៅថ្ងៃទី១០ ខែវិច្ឆិកាព្រមព្រៀងជាបណ្តោះអាសន្នលើការមិនទទួលស្គាល់លិខិតឆ្លងដែនដែលរុស្ស៊ីចេញឱ្យប្រជាជននៅតំបន់ដែលខ្លួនគ្រប់គ្រងខុសច្បាប់នៅអ៊ុយក្រែន និងតំបន់ចំនួនពីរនៅហ្សកហ្ស៊ី។
 
បន្ទាប់ពីសមាជិកសភាអឺរ៉ុបកាលពីខែតុលាបោះឆ្នោតគាំទ្រកុំឱ្យទទួលឯកសារធ្វើដំណើរដែលរុស្ស៊ីចេញនៅតំបន់អ៊ុយក្រែន និងហ្សកហ្ស៊ីដោយខុសច្បាប់ ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុបនៅថ្ងៃទី១០ ខែវិច្ឆិកាបានព្រមព្រៀងគ្នាបណ្តោះអាសន្នលើសំណើច្បាប់នេះ។ 
 
«ការសម្រេចចិត្តនេះគឺជាការឆ្លើយតបទៅនឹងការឈ្លានពានយោធាដែលមិនសមហេតុផល និងបង្ករឿងរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ក៏ដូចជាការណ៍ដែលរុស្ស៊ីចេញលិខិតឆ្លងដែនអន្តរជាតិរុស្ស៊ីដល់ប្រជាជននៅតំបន់ដែលខ្លួនកាន់កាប់»។ ក្រុមប្រឹក្សាអឺរ៉ុបបញ្ជាក់បែបនេះក្នុងសេចក្តីប្រកាសព័ត៌មាន។ 
 
ចំណាត់ការនេះនៅត្រូវអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ហើយចេញផ្សាយក្នុងទិនានុប្បវត្តិជាផ្លូវការរបស់សហភាពអឺរ៉ុប ទើបច្បាប់នេះចូលជាធរមាននៅថ្ងៃបន្ទាប់ពីការចេញផ្សាយនោះ។ 
 
ប្រសិនបើច្បាប់នេះចូលជាធរមាន នោះមានន័យថាឯកសារធ្វើដំណើររបស់រុស្ស៊ីដែលចេញនៅ ឬសម្រាប់អ្នករស់នៅតំបន់អ៊ុយក្រែនដែលរុស្ស៊ីកាប់កាប់ដូចជាតំបន់គ្រីមេ សាធារណរដ្ឋលូហាន សាធារណរដ្ឋដូណេត្ស តំបន់ Kherson និងតំបន់ Zaporizhzhia ក៏ដូចជាតំបន់ពីរដែលផ្តាច់ចេញពីហ្សកហ្ស៊ីរួមមាន Abkhazia និង South Ossetia នឹងមិនត្រូវបានទទួលយកជា​ឯកសារដែលមានសុពលភាពក្នុងការទទួលបានទិដ្ឋាការចូលតំបន់អឺរ៉ុប ឬឆ្លងកាត់ព្រំដែននៃតំបន់ Schengen ទេ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com