អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនាំពាក្យ៖ អាស៊ានថ្កោលទោសរាល់អំពើទាំងឡាយណាជាអំពើហិង្សានៅមីយ៉ាន់ម៉ា
11, Nov 2022 , 8:19 pm        
រូបភាព
លោក គង់_ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ រូបភាពយកពី ASEAN 2022
លោក គង់_ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ រូបភាពយកពី ASEAN 2022
អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ នៅថ្ងៃទី១១ ខែវិច្ឆិកា បានថ្លែងថា អាស៊ាន ថ្កោលទោសរាល់អំពើទាំងឡាយណា ជាអំពើហិង្សានៅមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ លោក គង់ ភោគ បានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ ដែលមានកម្លាំងប្រដាប់អាវុធ និងបង្កអំពើហិង្សា ដែលនាំទៅដល់ការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ គឺត្រូវទទួលខុសត្រូវ និងរងការថ្កោលទោសស្មើៗគ្នា។


ក្រោយស្ថានភាពមីយ៉ាន់ម៉ា​នៅតែមានភាពស្មុគស្មាញ មេដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា បានចេញសេចក្តីសម្រេចមួយ ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់ បន្តអនុវត្តតាមកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច រួមទាំងការថ្កោសទោសរាល់អំពើហិង្សាទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល។

ក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បានអះអាងថា អាស៊ានថ្កោលទោសរាល់អំពើទាំងឡាយណាជាអំពើហិង្សានៅមីយ៉ាន់ម៉ា ហើយជំរុញឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់។

ទន្ទឹមនេះ លោកក៏បានស្រង់ចំណុចថ្កោលទោស នៅក្នុងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ានចេញថ្ងៃទី១១ ខែវិច្ឆិកាផង។

«នរណាក៏ដោយ មិនមែនត្រឹមតែក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (យោធាមីយ៉ាន់ម៉ា)ទេ។ នរណាក៏ដោយ ដែលមានកម្លាំងប្រដាប់អាវុធ ដែលនាំទៅដល់អំពើហិង្សា និងការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ គឺយើងត្រូវតែឱ្យទទួលខុសត្រូវ ហើយត្រូវតែថ្កោលទោសស្មើៗគ្នា»។ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់បែបនេះ។

នៅមីយ៉ាន់ម៉ា ក្រុមប្រដាប់អាវុធមានជាច្រើនក្រុម ដោយក្នុងនោះរួមមាន យោធាមីយ៉ាន់ម៉ា ក្រុមជនជាតិភាគតិចមួយចំនួន និងកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ផង។

ទន្ទឹមនេះ ស្របពេលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ាន ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា លោក Duwa Lashi La នៅថ្ងៃទី៨ ខែវិច្ឆិកា បានអំពាវនាវឱ្យអាស៊ានអញ្ជើញខ្លួន និងភាគីពាក់ព័ន្ធផ្សេងទៀតទៅជំនួសវិញ ដោយសាររបបសឹកមីយ៉ាន់ម៉ា មិនបានបញ្ជូនតំណាងមិនមែននយោបាយទៅចូលរួម។

លើសពីនេះ មេដឹកនាំរដ្ឋាភិបាលស្រមោលរូបនេះ ក៏បានទទូចឱ្យអាស៊ាន ច្រានចោលការរៀបចំការបោះឆ្នោតដោយយោធាមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០២៣ ផង៕


Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
  រដ្ឋាភិបាលស្រមោល
© រក្សាសិទ្ធិដោយ thmeythmey.com