អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃ​ដិ​ន ថា​ពេញ​ចិត្តនឹង​លទ្ធផល​បោះឆ្នោត​សភា ខណៈ​បក្ស​ប្រជាធិបតេយ្យ​ទំនង​បន្ត​គ្រប់គ្រង​ព្រឹទ្ធសភា​
13, Nov 2022 , 6:29 pm        
រូបភាព
ដោយ:
ថ្លែង​ទៅកាន់​អ្នកកាសែត​ពី​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន ថា​សប្បាយ​ចិត្តនឹង​លទ្ធផល​ជាបឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​អាម៉េរិក​ទី​១១៨ បន្ទាប់ពី​បក្ស​ប្រជាធិបតេយ្យ​តំណាងឱ្យ​រដ្ឋ Nevada ត្រូវបាន​ព្យាករ​ប្រជែង​ឈ្នះ​បេក្ខភាព​បក្ស​សាធារណរដ្ឋ លោក Adam Laxalt ។​
 
​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ លោកស្រី Catherine Cortez ត្រូវបាន​ព្យាករ​ថា​ដណ្តើមបាន​កៅអី​នៅ​ព្រឹទ្ធសភា​ម្តងទៀត​តំណាងឱ្យ​រដ្ឋ Nevada ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន​លើកឡើង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​ថា លោក​ពិតជា​រីករាយ​ចំពោះ​លទ្ធផល​បោះឆ្នោត​សភា​ពេលនេះ ហើយ​នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​បេក្ខភាព​បក្ស​លោក​ដែល​ចូល​ប្រជែង​។ 
 
​បើ​ទោះ​រដ្ឋ Georgia អាច​នឹងមាន​ការបោះឆ្នោត​ជុំ​ទី​ពីរ​នៅ​ខែក្រោយ​ក៏ដោយ ចាញ់ ឬ​ឈ្នះ​បក្ស​ប្រជាធិបតេយ្យ​នៅតែ​អាច​បន្ត​គ្រប់គ្រង​ព្រឹទ្ធសភា​ដដែល​ជាមួយ​កៅអី​ដែល​នឹង​ដណ្តើមបាន​នៅ​រដ្ឋ Nevanda នេះ​។ 
 
​បើ​ចាញ់​នៅ​រដ្ឋ Georgia បក្ស​ប្រជាធិបតេយ្យ​កាន់កាប់​អាសនៈ​៥០​នៅ​ព្រឹទ្ធសភា​ស្នើ​នឹង​បក្ស​សាធារណរដ្ឋ​ដែរ តែ​ប្រធានព្រឹទ្ធសភា​លោកស្រី កា​ម៉ា​ឡា ហារី​ស ដែល​តំណាង​បក្ស​ប្រជាធិបតេយ្យ អាច​បោះឆ្នោត​សម្រេច​សំឡេង​ភាគច្រើន​ឱ្យ​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​បាន​។ ប៉ុន្តែ បើ​ឈ្នះ បក្ស​ប្រជាធិបតេយ្យ​អាច​គ្រប់គ្រង​ព្រឹទ្ធសភា​តែម្តង​ជាមួយ​សំឡេង​ភាគច្រើន ៥១ ទល់នឹង ៤៩​។ 
 
« ឥឡូវ យើង​កំពុង​ផ្តោតលើ​រដ្ឋ Georgia​។ យើង​មាន​អារម្មណ៍ល្អ​ចំពោះ​កន្លែង​យើង​ឈរ​ឥឡូវ​។ ហើយ​ខ្ញុំ​ដឹង​ខ្ញុំ​ជា​មនុស្ស​សុទិដ្ឋិនិយម​»​។ លោក បៃ​ដិ​ន ប្រាប់​អ្នកកាសែត​នៅ​ទីក្រុង​ភ្នំពេញ​បែបនេះ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។ 
 
​ចំណែក បក្ស​ណា​គ្រប់គ្រង​រដ្ឋសភា​នៅ​មិនទាន់​ចេញ​លទ្ធផល​សម្រេច​នៅឡើយ​។ ត្រឹម​ថ្ងៃទី​១២ ខែវិច្ឆិកា បក្ស​ប្រជាធិបតេយ្យ​ដណ្តើមបាន​កៅអី ២០៤ ហើយ​បក្ស​សាធារណរដ្ឋ​ប្រជែង​បាន ២១១ អាសនៈ ខណៈ​បក្ស​នីមួយៗ​ត្រូវការ​អាសនៈ​ចំនួន​២១៨​ដើម្បី​អាច​កាន់កាប់​រដ្ឋសភា​។​
 
​កន្លងមក លោក បៃ​ដិ​ន ចាត់ទុក​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ប្រធានាធិបតី​នេះ​ជាការ​ធ្វើតេស្ត​លើ​លទ្ធិប្រជាធិបតេយ្យ នៅពេល​បេក្ខភាព​រាប់រយ​នាក់​មកពី​បក្ស​សាធារណរដ្ឋ​ឱបក្រសោប​ការអះអាង​មិន​ពិត​របស់​អតីត​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ដែលថា​មានការ​លួច​សន្លឹកឆ្នោត​កាលពី​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០៕
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com