ជាតិ
​​​ន​យោ​បាយ​ជាតិ​
រុស្ស៊ី សុំឲ្យកម្ពុជា ជួយគាំទ្រការទប់ស្កាត់ការប្រជែងអាវុធក្នុងលម្ហអាកាស
23, Nov 2022 , 9:59 pm        
រូបភាព
រូបដែលបង្ហាញពីអាវុធ១គ្រាប់លើលម្ហអាកាស (រូបពីវីដេអូរបស់សារព័ត៌មាន IEN)
រូបដែលបង្ហាញពីអាវុធ១គ្រាប់លើលម្ហអាកាស (រូបពីវីដេអូរបស់សារព័ត៌មាន IEN)
ដោយ៖ ទេពញាណ 

ស្ថានទូតរុស្សីប្រចាំកម្ពុជា បានដាក់សំណើជូនភាគីកម្ពុជា សុំឲ្យចូលរួមគាំទ្រ និងធ្វើជាសហស្ថាបនិកលើសេចក្តីព្រាងស្តីពីការទប់ស្កាត់ការប្រណាំងប្រជែងសព្វាអាវុធក្នុងលម្ហអាកាស ដែលនឹងត្រូវដាក់ចូលទៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅខែធ្នូ ឆ្នាំ២០២២ ដើម្បីឲ្យប្រទេសជាសមាជិក បោះឆ្នោតគាំទ្រជាដំណាក់កាលចុងក្រោយ។ 
 
លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិនិត្យសេចក្តីព្រាងស្តីពីការទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធក្នុងលម្ហអាកាសនេះ ដែលត្រូវបានរុស្ស៊ីសុំឲ្យកម្ពុជាគាំទ្រ។ លោក ថ្លែងក្នុងកិច្ចប្រជុំថា បច្ចុប្បន្ន ប្រទេសជឿនលឿនមួយចំនួន កំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ជាពិសេសប្រព័ន្ធសព្វាវុធទំនើបៗ ដែលអាចរក្សាទុកក្នុងលម្ហអាកាស។ 
 
លោក មើលឃើញថា សេចក្ដីព្រាងខាងលើរបស់រុស្ស៊ី គឺជាគំនិតផ្តួចផ្តើមដ៏មានសារសំខាន់មួយ ក្នុងគោលបំណងទប់ស្កាត់ការប្រកួតប្រជែងសព្វាវុធក្នុងលម្ហអាកាស ដើម្បីរក្សាសន្តិភាព និងការពារផលប្រយោជន៍រួមរបស់ពិភពលោក។ លោក បញ្ជាក់ដូច្នេះថា៖«ការមានប្រព័ន្ធសព្វាវុធនៅក្នុងលម្ហអាកាសនេះ គឺបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក»។ 
 
សូមរម្លឹកថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការទី១របស់អង្គការសហប្រជាជាតិ គឺគណៈកម្មាធិការរំសាយអាវុធ និងសន្តិសុខអន្តរជាតិ បានអនុម័តយល់ព្រមលើសេចក្តីព្រាងស្តីពីការទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធក្នុងលម្ហអាកាស ដែលតាក់តែងឡើងដោយរុស្ស៊ី។ ក្នុងគណៈកម្មាធិការទី១របស់អង្គការសហប្រជាជាតិ សេចក្តីព្រាងនេះ ត្រូវបានប្រតិភូតំណាងប្រទេស១២៤ បោះឆ្នោតគាំទ្រ ប្រតិភូតំណាងប្រទេស៤៨ បោះឆ្នោតជំទាស់ និងប្រតិភូតំណាងប្រទេស៩ បោះឆ្នោតអនុប្បវាទ។ សេចក្តីព្រាងនេះ ត្រូវគេរំពឹងថា នឹងត្រូវបានដាក់ឲ្យមហាសន្និបាតពេញអង្គរបស់អង្គការសហប្រជាជាតិ ពិនិត្យពិចារណា នៅខែធ្នូ ឆ្នាំ២០២២៕ 
 
 

Tag:
 កម្ពុជា-រុស្ស៊ី
  ការប្រឆាំងអាវុធក្នុងអាកាស
© រក្សាសិទ្ធិដោយ thmeythmey.com