អន្តរជាតិ
លោក ហ្សេលេនស្គី ស្នើ UNSC ដាក់ទណ្ឌកម្មរុស្ស៊ីក្រោយបាញ់មីស៊ីលកាត់ផ្ដាច់អគ្គិសនី ខណៈរដូវរងាមកដល់
24, Nov 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចាត់វិធានការប្រឆាំងរុស្ស៊ី ជុំវិញការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលធ្វើឱ្យអ៊ុយក្រែនគ្មានអគ្គិសនីប្រើប្រាស់ខណៈរដូវរងាចូលមកដល់។


រុស្ស៊ី​ ​ថ្ងៃ​ទី២៣ ខែវិច្ឆិកា បានបាញ់មីស៊ីលជិត៧០គ្រាប់ទៅលើ​ក្រុងកៀវ ដោយ​​សម្លាប់​មនុស្ស១០នាក់ ហើយធ្វើឱ្យ​រោងចក្រ​ថាមពលដើរដោយ​នុយក្លេអ៊ែរមួយចំនួនត្រូវផ្អាកដំណើរការ រួមទាំងធ្វើឱ្យប្រទេសត្រូវកាត់​ផ្ដាច់ចរន្ត​​អគ្គិសនី និងទឹក​នៅ​កន្លែង​ជាច្រើន។ ការវាយប្រហាររបស់រុស្ស៊ីធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់រងគ្រោះក្នុងភាពងងឹត និងគ្មានម៉ាស៊ីនកម្ដៅស្របពេលរដូវរងាចូលមកដល់។ 
 
ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើឱ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិ (UNSC) ដាក់ទណ្ឌកម្មលើរុស្ស៊ីទុកជាការព្រមាន។
«ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ យើងបានរងមីស៊ីលចំនួន ៧០គ្រាប់។ នោះជារបៀបធ្វើភេរវកម្មរបស់រុស្ស៊ី ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង មន្ទីរពេទ្យ សាលារៀន ការដឹកជញ្ជូន និងលំនៅដ្ឋានទាំងអស់»។ លោក ហ្សេលេស្គី ថ្លែងបែបនេះតាមវីដេអូមួយផ្ញើទៅកាន់សភានៅថ្ងៃទី២៣ ខែវិច្ឆិកា។ 
 
មេដឹកនាំក្រុងកៀវបន្ថែមថា អ៊ុយក្រែនកំពុងរង់ចាំមើលប្រតិកម្មរបស់បណ្ដាប្រទេសក្នុងពិភពលោកចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters UNSC ទំនងជាមិនចាត់វិធានការណាមួយដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់អ៊ុយក្រែនឡើយ ព្រោះរុស្ស៊ីក៏ជាសមាជិកនិងមានអំណាចប្រើសិទ្ធិវេតូ។
 
ក្នុងកិច្ចប្រជុំ UNSC លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ការធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន បណ្តាលមកពីមីស៊ីលដែលបាញ់ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនខ្លួនឯងទេ ដែលបានធ្លាក់ចូលទៅក្នុងតំបន់ទីប្រជុំជនពេលបាញ់កម្ទេចមីស៊ីលរុស្ស៊ី។ ស្របគ្នានេះ លោក Nebenzya បានអំពាវនាវឱ្យលោកខាងលិចបញ្ឈប់ការផ្តល់មីស៊ីលការពារដែនអាកាសដល់អ៊ុយក្រែន។ 
 
ចំណែកឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានអះអាងក្នុងកិច្ចប្រជុំដដែលថាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុងសម្រុកប្រើអាវុធយ៉ាងច្រើនក្នុងរដូវរងា ដើម្បីធ្វើឱ្យប្រជាជនអ៊ុយក្រែនជួបទុក្ខលំបាក។ លោកស្រីបន្ថែមថា ប្រធានាធិបតីរុស្ស៊ីនឹងព្យាយាមធ្វើឱ្យអ៊ុយក្រែនដើម្បីឱ្យយល់ព្រមចុះចាញ់។
 
កន្លងមកទីក្រុងមូស្គូអះអាងថា គោលបំណងនៃការវាយប្រហារដោយមីស៊ីលរបស់ខ្លួនគឺធ្វើឱ្យសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនចុះខ្សោយ និងជំរុញឱ្យមានការចរចា។ យ៉ាងណាមិញក្រុងកៀវតប​ថា ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនស៊ីវិល និង​ដើម្បី​បំបាក់​ឆន្ទៈ​ជាតិ។
 
លោក ហ្សេលេនស្គី ប្តេជ្ញានៅក្នុងវីដេអូដដែលថា បំណងរុស្ស៊ីនឹងមិនអាចកើតឡើងឡើយ​ ហើយអ៊ុយក្រែន​នឹង​បន្ត​ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បីឆ្លង​កាត់​រឿង​ទាំង​អស់​នេះ ​ព្រោះ​ប្រជាជនអ៊ុយក្រែន​នឹងមិនបែកបាក់សាមគ្គី៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com