កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយរូហ្កាយ ប្រកួតស្មើកូរ៉េខាងត្បូងលើកដំបូងនៅព្រឹត្តិការណ៍ World Cup 2022
24, Nov 2022 , 9:54 pm        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
ជំនួបបើកឆាករវាងអ៊ុយរូហ្កាយទល់កូរ៉េខាងត្បូងបញ្ចប់ទៅដោយលទ្ធផលស្មើ ០-០ នៃការប្រកួតបើកឆាកពូល G នាកីឡដ្ឋាន Education City រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា។ នេះជាការប្រកួតទី៤ ប្រចាំ World Cup 2022 ដែលគ្មានការស៊ុតបញ្ចូលទីគ្នាទាល់តែសោះ និងការប្រកួតស្មើគ្នាលើកទីពីរសម្រាប់ក្រុមទាំងពីរចាប់តាំងឆ្នាំ ១៩៨២។
 
ការប្រកួតរវាងអ៊ុយរូហ្កាយនិងកូរ៉េខាងត្បូង បានចាប់ផ្តើមនៅព្រឹត្តិការណ៍ World Cup 2022 ដែលជាការប៉ះគ្នាលើកទីពីរតាំងពីរឆ្នាំ ២០១៨ មក នៅដើមវគ្គទីមួយកូរ៉េខាងត្បូងចាប់ផ្តើមបានល្អខ្លាំងដោយអាចនាំបាល់លេងគ្របដណ្តប់លើអ៊ុយរូហ្កាយជាក្រុមខ្លាំងមួយមកពីទ្វីបអាមេរិកខាងត្បូង។
 
មិនបណ្តោយឱ្យកូរ៉េខាងត្បូងលេងដោយដាក់សម្ពាធខ្លាំងបានឡើយ អ៊ុយរូហ្កាយក៏តែងរកឱកាសវាយបកលើកូរ៉េខាងត្បូងវិញជារឿយៗផងដែរ តែក្រុមខ្លាំងមកពីអាស៊ីមួយនេះបានត្រៀមខ្លួនយ៉ាងល្អដើម្បីការពារការសម្រុកពីសំណាក់អ៊ុយរូហ្កាយ។
 
ទោះបីវាយសម្រុកគ្នាខ្លាំងក្រុមទាំងពីរនៅតែមិនអាចបំបែកសំណាញ់ទីគ្នាទៅវិញទៅមកបានឡើយ ខណៈឱកាសមាសមួយលើកជាពីរលើកដែលពួកគេបានបង្កើតឡើងសំដៅការបញ្ចប់ទីរៀងខ្លួនតែបរាជ័យដូចគ្នា។ នៅនាទី៣២ កូរ៉េខាងត្បូងមានឱកាសស៊ុតមួយគ្រាប់នាំមុខមុនទៅហើយតែកីឡាករ Ui-jo Hwang ស៊ុតរំលងរបាទី ចំណែកអ៊ុយរូហ្កាយវិញនៅនាទី៤២ ខ្សែការពារ Diego Godin តែតបាល់ចំបង្គោលទី។ ការប្រកួតបញ្ចប់ទៅដោយលទ្ធផល ០-០ នៅវគ្គទីមួយ។
 
ការបំប៉ោងសំណាញ់ទីលើគ្នាទៅវិញទៅមកនៅតែគ្មាន ធ្វើឱ្យការប្រកួតរបស់អ៊ុយរូហ្កាយនិងកូរ៉េខាងត្បូងកាន់តែមានភាពតានតឹង បើទោះក្រុមទាំងសងខាងព្យាយមវាយសម្រុកគ្នាខ្លាំងនៅតំបន់គ្រោះថ្នាក់ដៃគូរៀងខ្លួនៗក្តីនៅវគ្គទីពីរ។ ឱកាសជាច្រើនលើកកន្លងផុតទៅ ត្រឹមតែការសោកស្តាយ ខុសពីវគ្គទីមួយក្រុមទាំងសងខាងតែងបង្កើតឱកាសគ្រាប់បាល់ជារឿយៗ។ ក្នុងវគ្គទីពីរទាំងសងខាងហាក់បីដូចបន្ថយនៅកម្លាំងក្នុងការសម្រុកគ្នាដោយកែប្រែស្ថានកាល ឱ្យនៅធម្មតាជាមួយការលេងដោយប្រុងប្រយ័ត្នដូចគ្នា។
 
ការប្រកួតនៅវគ្គទីពីរបន្តអូសបន្លាយរហូតដល់ចប់ការប្រកួតជាមួយលទ្ធផលស្មើ ០-០ ដោយគ្មានការស៊ុតបំប៉ោងសំណាញ់ទីឡើយរវាងក្រុមទាំងសងខាង។
 
បញ្ចប់លទ្ធផលស្មើ ០-០ នេះក្លាយជាលើកទីពីរហើយសម្រាប់ក្រុមទាំងពីរដែលបានប្រកួតគ្នាស្មើលើកដំបូងបង្អស់តាំងពីឆ្នាំ ១៩៨២ មក។ ជាការប៉ះគ្នាលើកទី៩ តាំងពីឆ្នាំ ១៩៨២ អ៊ុយរូហ្កាយមានកំណត់ត្រាឈ្នះ ៦លើក ចាញ់១ និងស្មើ ២ ទល់កូរ៉េខាងត្បូង៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com