FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ស្រក់ទឹកភ្នែកក្រោយគ្រេចករជើង ខណៈ Richarlison ស៊ុត២គ្រាប់ជួយប្រេស៊ីលឈ្នះស៊ែប៊ី
25, Nov 2022 , 10:59 am        
រូបភាព
Neymar សម្រក់​ទឹក​ភ្នែក​នៅ​កៅអី​បម្រុង​ ក្រោយត្រូវបានប្តូរចេញដោយសារគ្រេចករជើងដែលបង្កដោយកីឡាករស៊ែប៊ីនាជំនួបបើកឆាកពួល G នៃពានរង្វាន់ FIFA World Cup កាតា។ Richarlison រកបាន២គ្រាប់ម្នាក់ឯងដើម្បីជួយប្រេស៊ីលទទួលបាន៣ពិន្ទុពីស៊ែប៊ី។


​ក្រុមគ្រូពេទ្យ​ប្រេស៊ីល​បាន​បញ្ជាក់​ថា Neymar ​បាន​រង​របួសត្រង់ករជើង ហើយខ្សែប្រយុទ្ធក្រុម Paris St-Germain រូបនេះ​នឹង​ត្រូវ​ពិនិត្យរបួស​ឡើង​វិញ​នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា។
ខ្សែប្រយុទ្ធឆ្នើមក្រុមស៊ាំបារូបនេះ គ្រេចករជើងក្រោយប៉ះទង្គិចគ្នាជាមួយកីឡាករស៊ែប៊ី និងត្រូវបានប្តូរចេញជំនួសដោយ Antony របស់ Manchester United នៅនាទី៧៩។ អង្គុយនៅកៅអីបម្រុង Neymar បានស្រក់ទឹកភ្នែក ដោយហាក់បង្ហាញថារូបគេមានរបួសករជើងធ្ងន់ធ្ងរ និងមិនអាចបន្តលេងបាននៅជំនួបបន្តបន្ទាប់។
 
នៅមុនពេល Neymar ប្តូរចេញ ប្រេស៊ីលបាននាំមុខគូប្រជែងស៊ែប៊ីពីរគ្រាប់ ដោយសម្រេចទីបានពីសំណាក់ខ្សែប្រយុទ្ធ Richarlison នៅនាទី ៦២ និង៧៣។ ២គ្រាប់របស់ខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះ បានជួយប្រេស៊ីលឈ្នះស៊ែប៊ី ២-០ និងទទួលបាន៣ពិន្ទុ ដើម្បីឈរកំពូលតារាងពូល G។ ស្វ៊ីសដែលឈ្នះកាមេរូន ១-០ ស្ថិតនៅលេខរៀងទី២បណ្តោះអាសន្ន។
ជំនួបបន្ទាប់ពូល G ប្រេស៊ីលត្រូវប៉ះស្វ៊ីស ស្របពេលកាមេរូន ជួបស៊ែប៊ី នៅថ្ងៃទី២៨ ខែវិច្ឆិកា៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com