អន្តរជាតិ
តៃវ៉ាន់៖ បោះឆ្នោតថ្នាក់តំបន់ ជាប្រជាមតិលើការដឹកនាំប្រធានាធិបតី Tsai Ing-wen 25, Nov 2022 , 12:19 pm
× ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅថ្ងៃទី ២៤ ខែវិច្ឆិកាបានលើកឡើងថាការបោះឆ្នោតថ្នាក់ក្រោមជាតិនៅចុងសប្តាហ៍នេះ ជាប្រជាមតិលើការដឹកនាំរបស់លោកស្រីកន្លងមក ហើយការបោះឆ្នោតសម្រាប់បេក្ខភាពរបស់គណបក្សលោកស្រីនេះ ជាការបោះឆ្នោតសម្រាប់លោកស្រី។ ប៉ុន្តែបក្សប្រឆាំងព្រមានពីហានិភ័យដែលបក្សលោកស្រី Tsai ឈ្នះឆ្នោត។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នឹងត្រូវចប់អាណត្តិនៅឆ្នាំ២០២៤ខាងមុខ ហើយមិនអាចឈរឈ្មោះជាប្រធានាធិបតីម្តងទៀតបានទេ ដោយសារជាប់ឆ្នោតពីរអាណត្តិរួចមកហើយ។ កាលពីឆ្នាំ ២០២០ កន្លងទៅ លោកស្រីបានជាប់ឆ្នោតជាថ្មីដោយភ្លូកទឹកភ្លូកដី ក្រោយសន្យាដើម្បីក្រោកឈរឡើងប្រឈមមុខនឹងចិន ការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់។
តៃវ៉ាន់នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនឹងរៀបចំការបោះឆ្នោតសម្រាប់ការជ្រើសរើសអភិបាលក្រុង ចៅហ្វាយស្រុក និងក្រុមប្រឹក្សាមូលដ្ឋាន។
ក្នុងយុទ្ធនាការបោះឆ្នោតនេះដែរ លោកស្រី Tsai ក៏បានលើយកបញ្ហាជាមួយចិនដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងបង្កើនសម្ពាធយោធាមកនិយាយផងដែរ។ ក្នុងសារវីដេអូមួយនៃយុទ្ធនាការបោះឆ្នោតនេះ លោកស្រី Tsai លើកឡើងថា ការបោះឆ្នោតសម្រាប់បេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ស្មើនឹងការបោះឆ្នោតជូនលោកស្រីដែរ។
«ប្រសិនអ្នកមិនទាន់សម្រេចថាតើបេក្ខជនចៅសង្កាត់ណាដែលអ្នកត្រូវបោះឆ្នោតឱ្យទេ សូមបោះឆ្នោតឱ្យបេក្ខជនដែលខ្ញុំណែនាំ»។ លោកស្រី Tsai បានលើកឡើងបែបនេះ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានផ្តល់ការគាំទ្រដល់លោកស្រី។ លោកស្រីក៏បានបន្ថែមថា លោកស្រីនឹងមានការខុសត្រូវខ្ពស់ចំពោះតៃវ៉ាន់ ក្នុងការឈានជើងយ៉ាងរឹងមាំលើឆាកអន្តរជាតិ ហើយប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
យ៉ាងណាមិញ សមាជិកជាន់ខ្ពស់នៃគណបក្សប្រឆាំងនៅតៃវ៉ាន់គណបក្ស Kuomintang (KMT) និងជាអតីតប្រធានាធិបតីតៃវ៉ាន់លោក Ma Ying-jeou បានលើកឡើងថាការបោះឆ្នោតឱ្យគណកប្ស DPP និងធ្វើឱ្យតៃវ៉ាន់ប្រឈមនឹងសង្រ្គាម។
ការបោះឆ្នោតនេះ កើតឡើងនៅមួយខែបន្ទាប់ពីការបញ្ចប់សមាជលើកទី២០ នៃបក្សកុម្មុយនិស្តចិនដែលលោក ស៊ី ជិនភីងទទួលបានអាណត្តិទីបីក្នុងការដឹកនាំប្រទេស។ ចិនក្នុងខែសីហាកន្លងទៅ ក៏បានធ្វើសមយុទ្ធយោធាជិតកោះតៃវ៉ាន់ ដើម្បីបង្ហាញពីការខឹងសម្បាររបស់ខ្លួនក្នុងដំណើរទស្សនកិច្ចទៅក្រុងតៃប៉ិរបស់ប្រធានសភាអាម៉េរិក Nancy Pelosi៕
© រក្សាសិទ្ធិដោយ thmeythmey.com