អន្តរជាតិ
លោក លី សៀនឡុង អញ្ជើញនាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី​ទៅធ្វើទស្សនកិច្ចនៅសិង្ហបុរី
25, Nov 2022 , 9:29 pm        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ី។ រូបថត AFP
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ី។ រូបថត AFP
ដោយ:
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី២៥ ខែវិច្ឆិកា និយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលចូលកាន់តំណែងថ្មីថ្មោង អាន់វ៉ា អ៊ីប្រាហ៊ីម ដោយរំពឹងថារដ្ឋាភិបាលប្រទេសទាំងពីរអាចធ្វើការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ លោក លី ក៏បានអញ្ជើញ លោក​​ អាន់វ៉ា ទៅធ្វើទស្សនកិច្ចនៅសិង្ហបុរីឆាប់ៗ។
 
ក្នុងការជជែកតាមទូរស័ព្ទនៅថ្ងៃទី២៥ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក៏បានអបអរសាទរលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលក្លាយជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី១០ ។ មេដឹកនាំបក្សប្រឆាំង លោក អាន់វ៉ា ស្បថចូលកាន់តំណែងនៅល្ងាចថ្ងៃទី២៤ ខែតុលា បន្ទាប់ពីទទួលការតែងតាំងរបស់មហាក្សត្រម៉ាឡេស៊ី។ 
 
«ជាការពិតណាស់ សិង្ហបុរី និងម៉ាឡេស៊ីជាដៃគូដ៏ជិតស្និទ្ធ។ ប្រទេសរបស់យើងមានមិត្តភាពដ៏យូរអង្វែងដែលត្រូវបានទ្រទ្រង់ដោយទំនាក់ទំនងរវាងបុគ្គល និងបុគ្គល វប្បធម៌ និងប្រវត្តិសាស្រ្តដ៏មាំទាំ»។ លោក លី សរសេរបែបនេះលើបណ្តាញសង្គម Twitter ដោយបន្តថានៅមានអ្វីច្រើនទៀតដែលភាគីទាំងពីរអាចធ្វើក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីដើម្បីប្រយោជន៍ទៅវិញទៅមក។ 
 
នាយករដ្ឋមន្រ្តីសិង្ហបុរីបន្ថែមថា លោកបានស្គាល់លោក អាន់វ៉ា ជាច្រើនទសវត្សរ៍មកហើយ។ នៅឆ្នាំ២០១៨ មេដឹកនាំទាំងពីរជួបគ្នានៅសិង្ហបុរី នៅពេលលោក អាន់វ៉ា ធ្វើបទបង្ហាញពីសារសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងសិង្ហបុរី និងម៉ាឡេស៊ីនៅ​ឯកិច្ចប្រជុំកំពូលសិង្ហបុរី។ 
 
នៅថ្ងៃលោក អាន់វ៉ា ស្បថចូលកាន់តំណែង លោក លី ក៏បានផ្ញើសំបុត្រអបអរសម្ព័ន្ធភាពរបស់លោក អាន់វ៉ាចំពោះការធ្វើបានល្អក្នុងការបោះឆ្នោតសភា។ 
 
តបទៅនឹងសារអបអរសាទររបស់នាយករដ្ឋមន្រ្តីសិង្ហបុរីលើ Twitter លោក​ អាន់វ៉ា សង្ឃឹមថានឹងបានជួបជាមួយលោក លី ក្នុងឱកាសដ៏លឿនបំផុត ហើយធ្វើការរួមគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-សិង្ហបុរី។ 
 
«ជាប្រទេសជិតខាង និងដៃគូដ៏ជិតដិតនៅអាស៊ាន ម៉ាឡេស៊ី និងសិង្ហបុរីក៏មានភាពដូចគ្នាជាច្រើនដែលមានប្រវត្តិសាស្រ្តជាប់ទាក់ទងគ្នា ហើយទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងសកម្មរវាងប្រជាជន និងប្រជាជន»។ នេះបើតាមសាររបស់លោក អាន់វ៉ា បង្ហោះលើបណ្តាញសង្គម Twitter។ 
 
សូមបញ្ជាក់ថា សិង្ហបុរីធ្លាប់ជាផ្នែកមួយរបស់ម៉ាឡេស៊ី ឬសហព័ន្ធម៉ាឡេស៊ីដែលមានសិង្ហបុរី ម៉ាឡេស៊ី រដ្ឋម៉ាឡេស៊ី Sarawak និងរដ្ឋម៉ាឡេស៊ី Sabah។ ប៉ុន្តែ មិនដល់ ២៣ ខែផង សិង្ហបុរីក៏បានផ្តាច់ចេញពីម៉ាឡេស៊ីក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យនៅឆ្នាំ១៩៦៥ ដោយសារតែការខ្វែងគំនិតគ្នាខាងនយោបាយ និងសេដ្ឋកិច្ចរវាងបក្សកាន់អំណាចសិង្ហបុរី​ និងម៉ាឡេស៊ី៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ម៉ាឡេស៊ី
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com