អន្តរជាតិ
អ៊ុយក្រែនស្ដាររោងចក្រថាមពលឡើងវិញជាបណ្ដើរៗ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី
26, Nov 2022 , 5:20 pm        
រូបភាព
អាជ្ញាធរអ៊ុយក្រែននៅថ្ងៃទី២៥ ខែវិច្ឆិកា ស្ដារឡើងវិញជាបណ្តើរៗរោងចក្រថាមពលដើរដោយនុយក្លេអ៊ែរចំនួន៤ ​បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីកន្លងមក។ យ៉ាងណាមិញ មនុស្សរាប់លាននាក់នៅតែគ្មានថាមពលប្រើប្រាស់គ្រប់គ្រាន់ ដ្បិតរោងចក្រមិនអាចផលិតថាមពលបានគ្រប់គ្រាន់។

 
អ៊ុយក្រែន កំពុងស្ថិតក្នុងស្ថានភាពខ្វះខាតថាមពលជាខ្លាំង បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រផលិតថាមពលសំខាន់ៗនាពេលកន្លងមក។​ ខណៈកំពុងខ្វះខាតថាមពលនេះប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងសារជាវីដេអូបានស្នើឱ្យពលរដ្ឋប្រើប្រាស់ថាមពលដោយសន្សំសំចៃ។​ 
 
ដ្បិតរោងចក្រថាមពលដើរដោយថាមពលនុយក្លេអ៊ែរចំនួន៤ត្រូវបានស្តារឡើងវិញហើយក្តី មនុស្ស​៦​លាន​នាក់​នៅ​តែ​គ្មានថាមពលប្រើប្រាស់។ ការវាយប្រហារថ្មីៗនេះបានបណ្តាល​ឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតលើអ៊ុយក្រែនមកទល់ពេលនេះ ខណៈបណ្តាលឱ្យមនុស្សរាប់លាននាក់គ្មានថាមពល និងទឹកប្រើប្រាស់ក្នុងរដូវរងា។ 
 
បើតាមប្រតិបត្តិករបណ្តាញអគ្គិសនីជាតិអ៊ុយក្រែន Ukrenergo ការផ្គត់ផ្គង់អគ្គិសនីជាង៣០ភាគរយទៀតនៅតែមិនទាន់ដំណើរការ និងបានស្នើឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ថាមពល។ លើសពីនេះដែរ ប្រតិបត្តិករបណ្តាញអគ្គិសនីក៏បានបន្ថែមថា ក្រុមការងារកំពុងខិតខំជួសជុលជាបន្តទៀត។ 
 
ក្នុងដំណើរទស្សនកិច្ចទៅទីក្រុង Vyshorod ភាគខាងជើងនៃទីក្រុង Kyivនៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីមើលអគារដែលខូតខាតដោយសារមីស៊ីលរបស់រុស្ស៊ី លោក ហ្សេលេនស្គី បានបង្ហាញជំហរសារជាថ្មីប្រឆាំងនឹងរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចដដែល​ លោក ហ្សេលេនស្គី ក៏បានទៅមើលមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់មួយក្នុងចំណោមមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់កំដៅ ទឹក អគ្គិសនី និងប្រព័ន្ធទូរស័ព្ទដល់ពលរដ្ឋក្នុងតំបន់។ 
 
«រួមគ្នាយើងនឹងអាចឆ្លងកាត់ផ្លូវដ៏លំបាកនេះសម្រាប់ប្រទេសយើង។ យើងនឹងយកឈ្នះលើគ្រប់បញ្ហាប្រឈម ហើយយើងប្រាកដជានឹងឈ្នះ»។ លោក ហ្សេលេនស្គី បានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ។ 
 
ទីក្រុងមូស្គូធ្លាប់និយាយថា ការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានរបស់អ៊ុយក្រែននេះ គឺជារឿងស្របច្បាប់ផ្នែកយោធា ហើយទីក្រុងកៀវអាចបញ្ចប់ការប៉ះទង្គិចលើពលរដ្ឋខ្លួនបានដោយទីក្រុងកៀវឆ្លើយតបទៅនឹងការទាមទាររបស់រុស្ស៊ី។ ប៉ុន្តែកន្លងមក អ៊ុយក្រែនបានលើកឡើងថា ការ​វាយ​ប្រហាររបស់រុស្ស៊ីដែល​មាន​បំណង​បង្កភាពប៉ះពាល់ដល់ជន​ស៊ីវិលនេះ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម៕
 

Tag:
 (អ៊ុយក្រែន
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com