ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ជម្រាល​តាមអគារសិក្សា និងបន្ទប់ទឹក នៅវិទ្យាល័យបូទុសាគរ ជាការគិតគូរដល់​សិស្សមានពិការភាព​
27, Nov 2022 , 11:30 am        
រូបភាព
ដោយ៖ ណាន គីមហួយ (យុវជនឃុំអណ្ដូងទឹក)
 
ស្រុកបូទុមសាគរ, កោះកុង៖ ​នៅវិទ្យាល័យបូទុមសាគរ មាន​ជម្រាលសម្រាប់ជនមានពិការភាព ទាំងនៅតាមអគារសិក្សា និងបន្ទប់ទឹក បើទោះជាបច្ចុប្បន្ន គ្រឹះស្ថានសិក្សាមួយនេះ មិនមានសិស្សដែលមានពិការភាពជិះរទេះក៏ដោយ។ លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ បញ្ជាក់ថា ការសង់ជម្រាល និងបន្ទប់ទឹកជនពិការនៅពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សដែលមានពិការភាព ដែលអាចមកសិក្សានៅក្នុងសាលាខ្លួននាពេលអនាគត។ តាមរយៈសកម្មភាពទាំងនេះ ក៏បានរួមចំណែកជំរុញទឹកចិត្ត ដល់សិស្សមានពិការភាព មានឱកាសរៀនសូត្រ ដូចសិស្សទូទៅដែរ។
 
 វិទ្យាល័យនេះ ស្ថិតក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានអាគារសិក្សាចំនួន៣ ក្នុងនោះមានជម្រាលចំនួន២ និងបន្ទប់ទឹកជនពិការ ១កន្លែង។ លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ បានលើកឡើងថា បច្ចុប្បន្នវិទ្យាល័យរបស់លោក​គ្មានសិស្សពិការភាពនោះទេ ប៉ុ​ន្តែជាការត្រៀមខ្លួន សាលាបានសង់ជម្រាល និងបន្ទប់ទឹក ជនពិការរួចរាល់ហើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងបន្ទោបង់របស់អ្នកមានពិការភាព ដែលអាចមកទទួលសេវាអប់រំ នៅថ្ងៃណាមួយ។ លើសពីនេះ វិទ្យាល័យបូទុមសាគរ មានគោលនយោបាយ ផ្ដល់លទ្ធភាពគ្រប់គ្រាន់ សម្រាប់សិស្សពិការ តាមរយៈការផ្ដល់អាហារូបករណ៍ ការយកចិត្តទុកដាក់ផ្សេងៗ។ 
 
លោក អឿ សុទ្ធី ប្រាប់ដូច្នេះថា៖«ប្រសិនបើ មានសិស្សពិការមែន យើងនឹងយកចិត្តទុកដាក់ លើកទឹកចិត្ត ទោះគាត់គ្មានថវិកា ក៏យើងផ្ដល់ជារង្វាន់លើកទឹកចិត្តផ្សេងៗ ជាពិសេស ពន្យល់ហេតុផលដល់គាត់ កុំឱ្យបាក់ទឹកចិត្ត។ យើងគិតថា ចំណេះដឹង មិនមែនសម្រាប់តែមនុស្សទូទៅទេ អ្នកពិការក៏អាចទទួលបានផលប្រយោជន៍ពីការសិក្សានេះដែរ»។ 
 
លោក អឿ សុទ្ធី បានបង្ហាញអារម្មណ៍ត្រេកអរ ដែលសាលារបស់លោក បានរៀបចំគោលនយោយបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ស្នើដល់អាណាព្យាបាល និងសហគមន៍ ជួយជំរុញកូន ឬអ្នកមានពិការភាពឱ្យមកទទួលការអប់រំឱ្យបានគ្រប់គ្នា ដោយបន្ថែមដូច្នេះថា៖« យើងតែងតែណែនាំលោកគ្រូ អ្នកគ្រូ និងអាណាព្យាល ប្រសិនបើ ជួបប្រទះកុមារពិការ ឬអ្វីមួយ គឺត្រូវលើកទឹកចិត្តគាត់ឱ្យមករៀន។ សាលា គាំទ្រ និងទទួលដោយរីករាយ ជាពិសេសអ្នកដែលរស់នៅឆ្ងាយៗ»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 អប់រំ
  បូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com