អន្តរជាតិ
លោក ស៊ី ប្រាប់លោក គីម ថា ចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើងដើម្បីរក្សាសន្តិភាពពិភពលោក
26, Nov 2022 , 7:40 pm        
រូបភាព
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ប្រាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថា ទីក្រុងប៉េកាំងមានឆន្ទៈយ៉ាងខ្លាំងក្នុងការធ្វើការជាមួយទីក្រុងព្យុងយ៉ាងដើម្បីរក្សាសន្តិភាពពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី២៦ ខែវិច្ឆិកា។

 
កូរ៉េខាងជើងថ្មីៗនេះ បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបដ៏មានឥទ្ធិពលបំផុតមួយរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនអះអាងថា ការគំរាមពីអាវុធនុយក្លេអ៊ែររបស់អាម៉េរិក។ ការបាញ់សាកល្បងអាវុធថ្មីនេះ បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសមួយចំនួន និងការ​ថ្កោលទោសពីអង្គការសហប្រជាជាតិ (UN) ។
 
យ៉ាងណា​មិញ ផ្ទុយពីការសម្ពាធនិងទណ្ឌកម្មដូចប្រទេសផ្សេងៗ ប្រធានាធិបតីចិនលោក ស៊ី ជិនភីងបានលើកឡើងថា ចិនឆន្ទៈយ៉ាងខ្លាំងក្នុងការធ្វើការជាមួយទីក្រុងព្យុងយ៉ាងដើម្បីរក្សាសន្តិភាពពិភពលោក។
 
នៅក្នុងសារមួយទៅកាន់លោក គីម ជុងអ៊ុន លោក ស៊ី និយាយថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយកូរ៉េខាងជើងដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៃតំបន់ និងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង(KCNA) នៅថ្ងៃទី២៦ ខែវិច្ឆិកា។ 
 
លើសពីនេះ KCNA ក៏បានបន្តថា ប្រធានាធបតីចិនក៏សបានបង្ហាញឆន្ទៈក្នុងការសហការជាមួយទីក្រុងព្យុងយ៉ាង ខណៈដែលពិភពលោក ពេលវេលា និងប្រវត្តិសាស្ត្រ បានផ្លាស់ប្តូរតាមរបៀបដែលមិនធ្លាប់មានពីមុន។ បើតាម KCNA លោក ស៊ី បានផ្ញើសារជាការឆ្លើយតបទៅនឹងការអបអរសាទររបស់លោក គីម។ 
 
គួររំលឹកថា នៅប៉ុន្មានថ្ងៃមុនការបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីបរបស់កូរ៉េខាងជើង ប្រធានាធិបតីចិនលោក ស៊ី នៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) បានជួបជាមួយប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ដោយសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងមិនចង់ឃើញការបាញ់មីស៊ីលបន្ថែមពីទីក្រុងព្យុងយ៉ាងឡើយ។ 
 
ក្នុងជំនួបដដែល ទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញឱ្យចិនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុត និងជាអ្នកផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់របស់កូរ៉េខាងជើង ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីជួយរារាំងកូរ៉េខាងជើង។
 
កាលពីថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅ កូរ៉េខាងជើងបានសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីបំផុតរបស់ខ្លួន ដែលមានសមត្ថភាពហោះទៅដល់ទឹកដីអាម៉េរិក។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំបើកចំហមួយជុំវិញការបាញ់មីស៊ីលនេះ ដោយអាម៉េរិក អង់គ្លេស បារាំង និងឥណ្ឌា ក្នុងចំណោមប្រទេសចំនួន១៤ បានថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង៕
 

Tag:
 (ចិន
  កូរ៉េខាងជើង)
© រក្សាសិទ្ធិដោយ thmeythmey.com