អន្តរជាតិ
មេដឹកនាំចិន ប្តេជ្ញារក្សាមិត្តភាពយូរអង្វែងជាមួយគុយបា
26, Nov 2022 , 9:00 pm        
រូបភាព
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ក្នុងអំឡុងពេលជួបផ្ទាល់ជាមួយប្រធានាធិបតីគុយបាលោក Miguel Diaz-Canel Bermudez នៅទីក្រុងប៉េកាំងនៅថ្ងៃទី២៥ ខែវិច្ឆិកាបានប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរមិនថាស្ថានភាពអន្តរជាតិអាចផ្លាស់ប្តូរយ៉ាងណានោះទេ។


ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel Bermudezនិងជាលេខាទីមួយនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តគុយបានៅថ្ងៃទី២៤ខែវិច្ឆិកាបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃនៅចិន។ នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅចិនដែលធ្វើឡើងដោយប្រមុខរដ្ឋនៅតំបន់អាម៉េរិកឡាទីន និងការាបៀនចាប់តាំងពីសមាជជាតិលើកទី ២០របស់បក្សកុម្មុយនីស្តចិន។ ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំចិនលោក ស៊ីជិនភីងបានបង្ហាញជំហរជាថ្មីក្នុងការរក្សាទំនាក់ទំនងជាមួយគុយបា។
 
«ការប្តេជ្ញាចិត្តរបស់ចិនក្នុងការគាំទ្រគុយបាលើរបបសង្គមនិយមនឹងមិនផ្លាស់ប្តូរទេ។ចិនមានឆន្ទៈក្នុងការធ្វើការជាមួយគុយបាដើម្បីការពារភាពត្រឹមត្រូវ ភាពយុត្តិធម៌ជាអន្តរជាតិ
និងការប្រឆាំងនឹងអនុត្តរភាព»។ លោក ស៊ី ជិនភីងដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបានលើកឡើងបែបនេះ។
 
គុយបាជាប្រទេសដំបូងគេនៅអឌ្ឍគោលលោកខាងលិចដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន។បើតាមលោក ស៊ី ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីគុយបាមកចិននេះ
បានបង្ហាញ​យ៉ាង​ពេញលេញ​ទំនាក់ទំនង​មិត្តភាព​ពិសេស​រវាង​ប្រទេសទាំងពីរ​។មេដឹកនាំចិនរូបនេះក៏បានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានក្លាយជាឧទាហរណ៍នៃសាមគ្គីភាព
និងកិច្ចសហប្រតិបត្តិការរវាងប្រទេសសង្គមនិយមក៏ដូចជាឧទាហរណ៍នៃទំនាក់ទំនងដ៏ស្មោះត្រង់ក្នុងការជួយគ្នាទៅវិញទៅមកនៃប្រទេសកំពុងអភិវឌ្ឍ។
 
លោក ស៊ី ក៏បាននិយាយផងដែរថាចិននឹងបន្តគាំទ្រយ៉ាងរឹងមាំលើគុយបាក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែកនិងការរារាំងពីខាងក្រៅ។ លោកក៏បានបន្តថា ចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយគុយបាដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល និងគំនិតផ្តួចផ្តើមរក្សាសន្តិសុខសកល រួមគ្នាលើកកម្ពស់សន្តិភាពក៏ដូចជាការអភិវឌ្ឍពិភពលោក។
 
ឆ្លើយតបទៅកាន់ប្រធានាធិបតីចិន ប្រធានាធិបតីគុយបាលោក Diaz-Canel បានសង្កត់ធ្ងន់ថាការអភិវឌ្ឍទំនាក់ទំនងជាមួយចិន គឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់គុយបា។ប្រធានាធិបតីគុយបាបានអះអាងសារជាថ្មីនូវការគាំទ្រគោលការណ៍ចិនតែមួយ​និងគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរបស់ចិនក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងទៀត។
 
លោក Diaz-Canel ក៏បានបន្ថែមថាគុយបានឹងសម្របសម្រួលបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិព្រមទាំងរួមចំណែកបន្ថែមទៀតដល់ការរីកលូតលាស់នៃទំនាក់ទំនងរវាងប្រទេសអាម៉េរិកឡាទីន និងការ៉ាបៀននិងរក្សាផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍ។
 
លើសពីនេះប្រធានាធិបតីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារទ្វេភាគីមួយចំនួនស្តីពីយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងផ្សេងទៀត៕

Tag:
 (ចិន
  គុយបា)
© រក្សាសិទ្ធិដោយ thmeythmey.com