អន្តរជាតិ
លោក គីម ជុងអ៊ុន ថា កូរ៉េខាងជើងចង់មានកម្លាំងនុយក្លេអ៊ែរខ្លាំងបំផុតលើពិភពលោក
27, Nov 2022 , 2:00 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី២៧​ ខែវិច្ឆិកា បាននិយាយថា គោលដៅធំបំផុតរបស់កូរ៉េខាងជើង គឺមានកម្លាំងនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតលើពិភពលោក។មេដឹកនាំកូរ៉េខាងជើងរូបនេះ បានលើកឡើងបែបនេះ ខណៈពេលដែលលោកបានសរសើរដល់មន្ត្រីយោធារាប់សិបនាក់ ក្រោយបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបបានដោយជោគជ័យពេលថ្មីៗនេះ។

 
នាពេលថ្មីៗនេះ កូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យអាវុធមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីមួយរបស់ខ្លួន Hwasong-17 ដែលមានសមត្ថភាពអាចហោះដល់ទឹកដីអាម៉េរិកឯណោះ។ ក្រោយទទួលបានជោគជ័យនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសរសើរដល់មន្ត្រីយោធាដែលពាក់ព័ន្ធនឹងការបាញ់ក៏ដូចជាផលិតមីស៊ីលថ្មីនេះ។ លើសពីនេះ លោក គីម ក៏បានសន្យាថា នឹងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់អាម៉េរិក ដោយអាវុធនុយក្លេអ៊ែរដូចគ្នា។
 
ក្រៅតែពីការសរសើរដល់មន្ត្រីយោធាខ្លួន លោក គីម បានបន្តថា ការកសាងកម្លាំងនុយក្លេអ៊ែរគឺដើម្បីការពារសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់រដ្ឋ និងប្រជាជនប្រកបដោយភាពជឿជាក់។ មេដឹកនាំកូរ៉េខាងជើងដដែលក៏បានសង្កត់ធ្ងន់ថា គោលដៅធំបំផុតរបស់កូរ៉េខាងជើង​គឺមានកម្លាំងយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតលើពិភពលោក ដែលជាកម្លាំងមិនធ្លាប់មានពីមុនមក។ 
 
លោក គីម បានហៅមីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-17 ថាជាអាវុធយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក​ ហើយក៏បានបង្ហាញពីការតាំងចិត្តរបស់កូរ៉េខាងជើង អភិវឌ្ឍសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការកសាងកងទ័ពដ៏ខ្លាំងបំផុតលើពិភពលោក។
 
បើតាមការស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង លោក គីម លើកឡើងថា អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើងសម្រេចនូវជំហានដ៏អស្ចារ្យមួយឆ្ពោះទៅមុខក្នុងការអភិវឌ្ឍបច្ចេកវិទ្យានៃការដំឡើងក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលបាលីស្ទិក។ លោក គីម ក៏សង្ឃឹមថាកូរ៉េខាងជើងអាចពង្រីក និងពង្រឹងសមត្ថភាពរារាំងនុយក្លេអ៊ែរក្នុងប្រទេសក្នុងល្បឿនដ៏លឿនមិនធម្មតា។
 
ខណៈមីស៊ីល Hwasong-17 មានសមត្ថភាពបាញ់ដល់ដឹកដីអាម៉េរិក ការបាញ់សាកល្បងមីស៊ីលនាពេលថ្មីៗនេះបានជំរុញឱ្យអាម៉េរិក អំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឱ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះការសាកល្បងមីស៊ីលរបស់ខ្លួនដែលត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខកន្លងមក៕
 

Tag:
 (កូរ៉េខាងជើង)
© រក្សាសិទ្ធិដោយ thmeythmey.com