អន្តរជាតិ
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ចុះចេញពី​តំណែង​ប្រធាន​បក្សកាន់អំណាច​ ក្រោយ​ចាញ់​ឆ្នោត​ថ្នាក់តំបន់
27, Nov 2022 , 4:40 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានលាលែងពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចបន្ទាប់ពីចាញ់ការបោះឆ្នោតថ្នាក់តំបន់នៅថ្ងៃទី២៦ ខែវិច្ឆិកា។

 
ការបោះឆ្នោតថ្នាក់ក្រោមជាតិនៅតៃវ៉ាន់ដែលបានប្រព្រឹត្តទៅនៅ២៦ ខែវិច្ឆិកា បានបញ្ចប់ដោយគណបក្សប្រឆាំង Kuomintang (KMT) ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់​ក្នុងការជ្រើសរើសអភិបាលក្រុង ចៅហ្វាយស្រុក និងក្រុមប្រឹក្សាមូលដ្ឋានក្នុងតំបន់មួយចំនួន។ 
 
បន្ទាប់ពីចាញ់ការបោះឆ្នោតថ្នាក់តំបន់នេះ លោកស្រី Tsai បានដាក់លិខិតលាលែងពីតំណែងជាប្រធានគណបក្សកាន់អំណាចតែម្ដង និងបានថ្លែងងសុន្ទរកថាអំណរគុណដល់អ្នកគាំទ្រនៃបក្សលោកស្រីកន្លងមក។ 
 
«ខ្ញុំ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​អស់។ ប្រឈម​នឹង​លទ្ធផល​បែប​នេះ មាន​វិស័យ​ជា​ច្រើន​ដែល​យើង​ត្រូវ​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ»។ លោកស្រី Tsai បានលើកឡើងបែបនេះ។ 
 
ខណៈពេលដែលអ្នកសង្កេតការណ៍អន្តរជាតិ និងគណបក្សកាន់អំណាចបានព្យាយាមភ្ជាប់ការបោះឆ្នោតទៅនឹងការគំរាមពីចិន អ្នកជំនាញក្នុងស្រុកជាច្រើនបានលើកឡើងថា ចិនអាចនឹងមិនមែនជាប្រធានបទសំខាន់ក្នុងការបោះឆ្នោតនេះឡើយ។ 
 
គួរបញ្ជាក់ថា បេក្ខជនមកពីគណបក្សប្រឆាំង Kuomintang បានឈ្នះឆ្នោតដោយបានឡើងកាន់តំណែងជាអភិបាលក្រុងនៅតៃប៉ិក៏ដូចជានៅទីក្រុង Taoyuan ទីក្រុង Taichung និងទីក្រុង New Taipeiផងដែរ​។ កត្តាដែលជំរុញឱ្យបក្សកំពុងកាន់អំណាចបរាជ័យក្នុងការបោះឆ្នោតនេះ ក៏បណ្តាលមកពីរបៀបដែលរដ្ឋាភិបាលតៃវ៉ាន់ដោះស្រាយជំងឺកូវីដ-១៩កន្លងមកផងដែរ៕​

Tag:
 (តៃវ៉ាន់)
© រក្សាសិទ្ធិដោយ thmeythmey.com