ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទឹកត្រជាក់ត្រីកុំ! លោក សុខ ឥសាន ប្រើពាក្យនេះ ក្រោយអ្នកជំទាស់ចុះចូលជាមួយបក្សកាន់អំណាច
29, Nov 2022 , 10:29 am        
រូបភាព
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (រូបពីព្រឹទ្ធសភា)។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (រូបពីព្រឹទ្ធសភា)។
ដោយ៖ ទេពញាណ

អតីតតំណាងរាស្រ្តម្នាក់ទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ គឺលោក ដាំ សិទ្ធិ បានសរសេរលិខិតជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចមួយនេះ។ លិខិតរបស់លោក ចុះកាលបរិច្ឆេទនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។


លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តល់ព័ត៌មានអំពីការសុំចុះចូលរបស់លោក ដាំ សិទ្ធិ ដល់ក្រុមអ្នកកាសែត ក្នុងបណ្តាញតេឡេក្រាម ដោយភ្ជាប់ជាមួយសុភាសិតខ្មែរថា «ទឹកត្រជាក់ត្រីកុំ»។ លោក បន្ថែមថា ការទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសិទ្ធិនយោបាយ។លោក បន្តថា មានតែនៅក្នុងគណបក្សកាន់អំណាចទេ ទើបមានអនាគតភ្លឺស្វាង។ 
 
តាមរយៈលិខិត ដែលសរសេរឡើងដោយដៃ លោក ដាំ សិទ្ធិ បានជម្រាបពីមូលហេតុនៃការសុំចុះចូលរបស់លោកទៅកាន់សម្តេច ហ៊ុន សែន ថា ដោយសារសម្តេច មានគោលនយោបាយល្អ និងត្រឹមត្រូវ។ លោក បញ្ជាក់ក្នុងលិខិតថា លោក សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្មោះស្ម័គ្រ គ្មានការគំរាមកំហែង និងគ្មានការបង្ខិតបង្ខំឡើយ។ លិខិតរបស់លោក ត្រូវបានផ្សាយដោយសារព័ត៌មានហ្វ្រេសញូ ដោយហ្វ្រេសញូ អះអាងថា ទទួលបានលិខិតនេះ ពីខុទ្ទកាល័យរបស់សម្តេច ហ៊ុន សែន។ 
 
គណបក្សកាន់អំណាច ទើបនឹងទទួលការស្នើសុំចុះចូលពីអ្នកនយោបាយក្រៅរដ្ឋាភិបាល២នាក់ នាពេលថ្មីៗនេះ គឺបណ្ឌិតកសិកម្ម លោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអនុបណ្ឌិតកសិកម្ម លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ក្នុងលិខិត ដែលសរសេរចូនសម្តេច ហ៊ុន សែន លោកទាំង២ បង្ហាញបំណងដូចគ្នាថា ការសុំចូលរួមជាមួយគណបក្សកាន់អំណាច និងជាមួយរដ្ឋាភិបាល គឺដើម្បីមានឱកាសជួយអភិវឌ្ឍវិស័យកសិកម្ម។ 

ដូចករណីលោក ដាំ សិទ្ធិ ដែរ លោក សុខ ឥសាន និយាយក្នុងបណ្តាញតេឡេក្រាមថា ការដែលលោក ឡឹក សុធារ ជាមនុស្សជំនិតរបស់លោក យ៉ង សាំងកុមារ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែរនោះ គឺទឹកត្រជាក់ត្រីកុំ។ ទឹកត្រជាក់ លោក សំដៅលើគណបក្សប្រជាជនកម្ពុជា ដែលអាចឲ្យគេរស់នៅជាមួយដោយសុខដុមរមនា។ 
 
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉ង សាំងកុមារ លោក ឡឹក សុធារ និងលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម បានជួបពិភាក្សារួមគ្នាជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីវិស័យកសិកម្ម៕ 
 
 
 

Tag:
 បក្សកាន់អំណាច
  បក្សប្រឆាំង
  ដាំ សិទ្ធិ
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com