អន្តរជាតិ
រដ្ឋមន្រ្តីយុត្តិធម៌ G7 ឯកភាពគ្នាសម្របសម្រួលដល់ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន
30, Nov 2022 , 11:39 am        
រូបភាព
បណ្ដារដ្ឋមន្រ្តីយុត្តិធម៌នៃក្រុមប្រទេស G7 នាជំនួបនៅបែរឡាំង។ រូបថត AFP
បណ្ដារដ្ឋមន្រ្តីយុត្តិធម៌នៃក្រុមប្រទេស G7 នាជំនួបនៅបែរឡាំង។ រូបថត AFP
ដោយ:
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ(G7)នៅថ្ងៃទី២៩ ខែវិច្ឆិកា ព្រមព្រៀងគ្នាបង្កើតបណ្តាញមួយដើម្បីសម្របសម្រួលដល់ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ នេះជាចំណាត់ការរបស់ G7 ដែលជួយជំរុញដល់ការកាត់ទោសជនសង្ស័យប្រព្រឹត្តអំពើឃោរឃៅនៅអ៊ុយក្រែន។
 
ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែនតាំងពីចុងខែកុម្ភៈ រដ្ឋអាជ្ញាអ៊ុយក្រែន តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ក៏ដូចជាទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ (Eurojust)​ ចាប់ផ្តើមស៊ើបអង្កេត ហើយផ្លាស់ប្តូរព័ត៌មានទាក់ទងឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ កន្លងមក តុលាការអ៊ុយក្រែនចងក្រងឯកសារដែលអាចជាឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី​ប្រហែល៣៤ពាន់ករណី ហើយកំពុងកាត់ទោសមនុស្ស៨០នាក់។
 
ទន្ទឹមនេះ រដ្ឋមន្រ្តីយុត្តិធម៌នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ(G7) នៅថ្ងៃទី២៩ ខែវិច្ឆិកា ក៏បានព្រមព្រៀងគ្នាជួយដល់ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនេះផងដែរ។ 
 
«ការវិនិច្ឆ័យពីអំពើឃោរឃៅដែលត្រូវបានប្រព្រឹត្តនៅអ៊ុយក្រែនតាមផ្លូវតុលាការនឹងត្រូវប្រើពេលជាច្រើនឆ្នាំ ហើយប្រហែលជារាប់ទសវត្សរ៍ទៀតផង។ ប៉ុន្តែ ពួកយើងនឹងត្រៀមខ្លួនឱ្យបានល្អ ហើយយើងនឹងជំនះឱ្យបានទាល់តែដល់ទីបញ្ចប់»។ រដ្ឋមន្រ្តីយុត្តិធម៌អាល្លឺម៉ង់ Marco Buschmann បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។
 
តាមសចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីយុត្តិធម៌ G7 នឹងធានាពីការបង្កើតកន្លែងទំនាក់ទំនងថ្នាក់ជាតិមួយនៅគ្រប់រដ្ឋសមាជិកសម្រាប់ការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាមអន្តរជាតិ។ សេចក្តីថ្លែងការណ៍នេះចេញក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីយុត្តិធម៌ G7 នៅថ្ងៃទី២៩ ខែវិច្ឆិកា នាទីក្រុងបែរឡាំងដែលមានវត្តមានរដ្ឋអាជ្ញាពិសេសពី ICC រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋមន្រ្តីយុត្តិធម៌អ៊ុយក្រែន​ Denys Maliuska ផង។ 
 
បើតាមលោក Buschmann យន្តការខាងលើនឹងធានាថា ព័ត៌មានទាក់ទងនឹងព័ស្តុតាង និងតម្រូវការឯកសារផ្លូវច្បាប់អាចចែកចាយក្នុងចំណោមរដ្ឋ និងអង្គការអន្តរជាតិ។ រដ្ឋមន្រ្តីយុត្តិធម៌អាល្លឺម៉ង់រូបនេះបន្ថែមថា របាយការណ៍ពីជនរងគ្រោះដោយការបៀតបៀនផ្លូវភេទគួរតែត្រូវបានចងក្រងទុកតាមវិធីនេះដែរដែលអាចយកទៅប្រើនៅតុលាការបាន ដូច្នោះជនរងគ្រោះត្រូវផ្តល់ព័ត៌មានរបស់ពួកគេតែម្តងប៉ុណ្ណោះ៕
 
 
 
 
 

Tag:
 G7
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com